បាល់ទាត់៖ ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah មានបំណងបន្តស្នាក់នៅទឹកដីអង់គ្លេស តាមរយៈការចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយហង្សក្រហម Liverpool នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីកីឡាអេហ្ស៊ីបលោក Ashraf Sobhi។

លោក Sobhi ធ្លាប់បានណែនាំឱ្យកីឡាករវ័យ ២៩ឆ្នាំរូបនេះចាកចេញពី Liverpool តែ Salah ខ្លួនឯងនិយាយថា ចង់បន្តស្នាក់នៅ Anfield។ Liverpool កំពុងធ្វើការពាក់ព័ន្ធនឹងការចរចាជាមួយ Mohamed Salah ឱ្យបន្តកិច្ចសន្យាថ្មី ខណៈមានរបាយការណ៍ថា កិច្ចសន្យាថ្មីនោះនឹងមានសុពលភាព ៤ឆ្នាំជាមួយនឹងការបង្កើនប្រាក់ឈ្នួលប្រចាំសប្តាហ៍ដល់ ៤០ម៉ឺនផោន។ Mohamed Salah បានស៊ុតបញ្ចូលទី ១៥៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៤០ប្រកួតឱ្យ Liverpool តាំងពីផ្លាស់ពី Roma ក្នុងតំលៃ ៣៤លានផោននៅឆ្នាំ២០១៧។ មកដល់បាន ១ឆ្នាំ Salah ក៏បន្តកិច្ចសន្យាថ្មីជាមួយ Liverpool ក្រោយស៊ុតបញ្ចូលទី ៤៤គ្រាប់ក្នុងរដូវកាលដំបូង។ Liverpool ឈ្នះពាន UEFA Champions League នៅឆ្នាំ២០១៩ និងឈ្នះពាន English Premier League ផងដែរនៅឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ