ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អះអាងជាថ្មី កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១ នឹងងើបឡើងវិញ ក្នុងរង្វង់៣,៥ភាគរយ ទោះបីជាព្រឹត្តិការណ៍២០កុម្ភៈ នៃការរីករាលដាលជំងឺកូវីដ១៩ កំពុងតែបន្តនៅកម្ពុជា។ កំណើននេះ គឺ ផ្អែកតាមនិន្នាការរួម ខណៈដែលពិភពលោកបានរកឃើញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នមានប្រទេសមួយចំនួន កំពុងអនុវត្ត អំពីការចាក់វ៉ាក់សាំងបង្ការ ជាពិសេសប្រទេសនៅបែកអឺរ៉ុប ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើង នៅក្នុងការចុះត្រួតពិនិត្យការងារគ្រប់គ្រង, បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថា រាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ២០២១ នេះ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងនឹងងើប ឡើងវិញ ខណៈនៅឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចធ្លាក់ចុះរង្វង់ -៣,១% ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលរំពឹងថា នឹងងើបឡើងវិញនោះ ដោយអាស្រ័យផ្អែកតាមនិន្នាការរួម ខណៈដែលពិភពលោក បានរកឃើញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ក្នុងនោះប្រទេស មួយចំនួនកំពុងអនុវត្ត អំពីការចាក់វ៉ាក់សាំងបង្ការនេះ ជាពិសេសប្រទេសអង់គ្លេស, សហរដ្ឋអាមេរិក និងប្រទេសនៅបែក អឺរ៉ុបមួយចំនួនទៀត, បន្ទាប់ពីការអនុវត្តការចាក់វ៉ាក់សាំងបង្ការនេះ យើងសង្កេតឃើញថា អត្រាឆ្លង និងអត្រានៃការស្លាប់ បានធ្លាក់ចុះជាបណ្តើរៗ ដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចក្នុងស្រុក ។
ស្រដៀងគ្នានេះដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ចំពោះ ការទទួលបានវ៉ាក់សាំង បង្ការនៅពេលនេះ ជាគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល គឺដើម្បីសុខុមាលភាព និងសុវត្ថិភាព របស់ប្រជាជន ដែលឆ្លុះបញ្ចាំងពីការវិលទៅរកប្រក្រតីភាពនៃ សេដ្ឋកិច្ចឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា ៖ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងងើប ឡើងវិញ ក្នុងអត្រាកំណើន ៣,៥% ដោយសារការរំពឹងទុកការងើបឡើងវិញយឺត នៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការ កើនឡើងក្នុងកម្រិតទាបនៃតម្រូវការខាងក្រៅ និងទំនុកចិត្តទីផ្សារក្នុងស្រុក៕
អត្ថបទ៖ សុន រ៉ាឌី

