អតីតទីប្រឹក្សានុយក្លេអ៊ែររបស់សេតវិមានម្នាក់ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមេសា ឆ្នាំ២០២៦) បានប្រាប់កម្មវិធី 60 Minutes របស់ប្រព័ន្ធផ្សព្វផ្សាយ CBS News ថា ការអះអាងម្តងហើយម្តងទៀតរបស់លោកប្រធានាធិបតី Donald Trump ដែលថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបាន «បំផ្លាញទាំងស្រុង» បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែមិថុនាឆ្នាំមុន គឺ «មិនពិត» ឡើយ ហើយថា អ៊ីរ៉ង់នៅតែមានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់ ដែលគ្រប់គ្រាន់ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរេពី ១០ ទៅ ១១គ្រាប់។

បទសម្ភាសន៍នេះ ដែលត្រូវបានចាក់ផ្សាយនៅពេលដែលបទឈប់បាញ់ដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជិតផុតកំណត់ នៅថ្ងៃពុធ បានបង្ហាញថា ការទៅដណ្ដើមយកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ នឹងត្រូវឲ្យប្រើប្រាស់កម្លាំងកងទ័ពអាមេរិករាប់ពាន់នាក់ និងប្រឈមជាមួយហានិភ័យខ្ពស់ស្លាប់ និងរបួស។ លោក Trump បានទទូចថា សហរដ្ឋអាមេរិកនឹងយកបានសារធាតុអ៊ុយរ៉ានីញ៉ូម ទាំងតាមរយៈកិច្ចព្រមព្រៀង ឬដោយកម្លាំង។
ជោគវាសនានៃការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់របស់អ៊ីរ៉ង់ ស្ថិតនៅចំណុចកណ្តាលនៃការចរចាបទឈប់បាញ់ដែលកំពុងបន្ត ដោយលោក Trump បានអះអាងកាលពីសប្តាហ៍មុនថា អ៊ីរ៉ង់បានយល់ព្រមប្រគល់វា ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម។ តែប៉ុន្មានម៉ោងក្រោយមក មន្ត្រីអ៊ីរ៉ង់បានទទូចថា សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់របស់ពួកគេនឹងមិនទៅណាទេ។
លោកបណ្ឌិត Matthew Bunn អតីតទីប្រឹក្សានុយក្លេអ៊ែរសេតវិមាន ដែលឥឡូវនេះធ្វើការនៅមជ្ឈមណ្ឌល Belfer របស់សាកលវិទ្យាល័យ Harvard បាននិយាយដោយផ្ទាល់នៅពេលត្រូវបានសួរអំពីការអះអាងរបស់លោក Trump ដែលថា កម្មវិធីរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ។ លោក Bunn បានប្រាប់កម្មវិធី 60 Minutes ថា «មែនហើយ សេចក្តីថ្លែងការណ៍នោះមិនពិតទេ។ អ្នកមិនអាចនិយាយបានថា កម្មវិធីដែលនៅតែមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការេផលិតគ្រាប់បែកនុយក្លេអ៊ែរមួយចំនួន ត្រូវបានបំផ្លាញចោលនោះទេ។ មិនមានការសង្ស័យនោះទេថា ការរួមបញ្ចូលគ្នានៃការវាយប្រហារក្នុងខែមិថុនាឆ្នាំមុន និងសង្គ្រាមដែលកំពុងបន្តមាន បានធ្វើឲ្យសមត្ថភាពរបស់អ៊ីរ៉ង់ធ្លាក់ចុះខ្លាំង។ ប៉ុន្តែសមត្ថភាពនៅសល់ គឺមានសារៈសំខាន់។ អ្នកមិនអាចទម្លាក់គ្រាប់បែកបំផ្លាញចំណេះដឹងរបស់ពួកគេចោលបានឡើយ»៕

