នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានចេញបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ កើតឡើងនៅម្ដុំឆ្នេរសមុទ្រភាគឦសាននៃប្រទេសជប៉ុន នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ។

អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Takaichi បាននិយាយថា រដ្ឋាភិបាលបានបង្កើតក្រុមការងារសង្គ្រោះបន្ទាន់ពិសេស និងបានជំរុញឲ្យប្រជាជាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។
ជាមួយគ្នានេះ រដ្ឋាភិបាលបានជំរុញឲ្យអ្នកស្រុកនៅឲ្យឆ្ងាយពីតំបន់ឆ្នេរសមុទ្រ ដែលរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៣ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងកើតមាន។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា រញ្ជួយដីនេះមានចំណុចកណ្តាល នៅមហាសមុទ្រប៉ាស៊ីហ្វិក និងមានជម្រៅ ១០គីឡូម៉ែត្រ។ ហើយអាជ្ញាធរបានបញ្ជាក់ថា រលកធំៗបំផុតត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខេត្ត Iwate, Aomori និង Hokkaido៕

