កំពង់ស្ពឺ៖ អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ដែលបានចំណាយថវិកាសរុបចំនួន ៣២១.៩៥៨ ដុល្លារ ត្រូវបានដាក់សម្ពោធនាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ អគារទាំង២ ខ្នងនេះជាជំនួយរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈឯកឧត្តម ហ៊ុន ម៉ានី។
ពិធីសម្ពោធសមិទ្ធផលថ្មីនាព្រឹកនេះ ទទួលបានការអញ្ជើញជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ឆាង ជាន (Chang Jian) ភារធារីនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
អគារសម្ភព និងរោគស្ត្រី ចំនួនមួយខ្នង នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលបានរៀបចំដាក់សម្ពោធនៅពេលនេះនេះ មានទំហំ១៧ម៉ែត្រ គុណនឹង ២៨ម៉ែត្រ មានកម្ពស់២ជាន់ និងមានចំនួន១៥បន្ទប់ ហើយត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងចុងខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២០ ហើយបានចំណាយថវិកាចំនួន២៥២.០០០ ដុល្លារ។ទន្ទឹមនឹងនេះផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក៏ទទួលបានសមិទ្ធផលថ្មី ដែលជាអគារអន្ទេវាសិកចំនួន១ខ្នង មានទំហំ ១០ ម៉ែត្រ គុណនឹង ២៤ម៉ែត្រ មាន១២បន្ទប់ និងមានកម្ពស់មួយជាន់។ អគារអន្ទេវាសិកនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងដើមខែតុលា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់នៅដើមខែមេសា ឆ្នាំ២០២០ដូចគ្នា ហើយបានចំណាយថវិកាចំនួន៦៩ .៩៨៣ ដុល្លារ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺបានមានប្រសាសន៍ថា សមិទ្ធផលធំៗមួយចំនួន ដែលមានលេចចេញជារូបរាងជាបន្តបន្ទាប់នៅក្នុងខេត្តកំពង់ស្ពឺ រួមជាមួយអគារទាំងពីរដែលត្រូវបានដាក់សម្ពោធនេះ សុទ្ធតែបានកើតចេញពីការខិតខំប្រឹងប្រែងកៀរគរសប្បុរសជន ជាពិសេសតាមរយៈ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលជានិច្ចកាល ឯកឧត្តម តែងតែមានវត្តមានជាប្រចាំដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនានា ក៏ដូចជាព្យាយាមកៀរគរធនធានផ្សេងៗសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់មុខមាត់ខេត្តកំពង់ស្ពឺជាបន្តបន្ទាប់។
ទន្ទឹមនឹងនោះ លោក ឆាង ជាន ភារធារីនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោមការយកចិត្តទុកដាក់បន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានធ្វើឲ្យខេត្តកំពង់ស្ពឺកាន់តែមានការអភិវឌ្ឍឆាប់រហ័សបន្ថែមទៀត តាមរយៈការកៀរគរសប្បុរសជន ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងខេត្ត ហើយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាក៏មានកិត្តិយសក្នុងការចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍខេត្តនេះផងដែរ។ អគារទាំងពីរដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ គឺជានិមិត្តរូបនៃសមិទ្ធផលជាផ្លែផ្កា និងជាតឹកតាងថ្មីមួយបន្ថែមទៀតនៃមិត្តភាពរវាងចិន និងកម្ពុជា ដែលបាន និងកំពុងបន្តយ៉ាងស្អិតរមួត លើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសុខាភិបាល ក៏ដូចវិស័យអប់រំ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទូទាំងប្រទេស។
ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកពីសាវតាដែលឲ្យមានការសាងសង់ថា “ផ្ដើមចេញពីការចុះជួបសំណេះសំណាល ជាមួយលោកលោកស្រីវេជ្ជបណ្ឌិត និងមន្ត្រីបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តនេះផ្ទាល់តែម្ដងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ដែលពេលនោះតាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព យើងឃើញថាជាមន្ទីរពេទ្យបង្អែកខេត្តយើង ពិតជាមានការខ្វះខាតជាផ្នែកសម្ភពពិតប្រាកដមែន ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។ លើសពីនេះទៅទៀតនោះគឺ បន្ទប់វះកាត់សម្រាល ដែលត្រូវដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ។ ក្នុងនោះផងដែរ ដោយសារទីធ្លាអគារសម្ភពទាំងមូលមានលក្ខណៈតូចចង្អៀតដាក់គ្រែក៏បានតិចហើយបងប្អូនប្រជាពលរដ្ឋយើងមកទទួលសេវាផ្នែកសម្ភពនេះកាន់តែច្រើនដែលពិបាក រកទីកន្លែងសមរម្យនៅក្នុងការអង្គុយរង់ចាំ។ ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ឯកឧត្តម និងក្រុមការងារក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកាដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិកនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានកើតចេញពីការជួបសំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះឯកឧត្តម ទទួលបានសំណូមពរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលនេះដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈ។ តាមរយៈការពិនិត្យជាក់ស្ដែងនៅទីតាំង យើងពិតជាឃើញមានការលំបាកមួយចំនួនសម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារដែលមានស្រាប់មានសភាពទ្រុឌទ្រោម។ ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃអគារអន្តេវាសិកស្របតាមតម្រូវការចាំបាច់ ទាំងអស់នោះ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈឯកឧត្តម លោកជំទាវអគ្គរដ្ឋទូតគ្រប់អាណត្តិ ដែលតែងតែបានផ្តល់ជាជំនួយសម្ភារៈ និងថវិកាសម្រាប់កសាងសមិទ្ធផលនានាជាច្រើនដែលជាឧត្តមប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ព្រមទាំងសូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់រូប រួមទាំងក្រុមការងារទាំងអស់ ដែលបានផ្ដល់នូវធនធាន ឬជាថវិកាផ្សេងៗ និងការលះបង់កម្លាំងកាយចិត្តនានា ចូលរួមអភិវឌ្ឍ និង កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលធំៗជាច្រើន មិនថានៅក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕ អត្ថបទ៖ រដ្ឋា








