កងទ័ពអាមេរិក និងហ្វីលីពីនរាប់ពាន់នាក់ ដែលបានចូលរួមជាលើកដំបូងដោយកងកម្លាំងជប៉ុនមួយចំនួនធំ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ ដែលត្រូវបានរៀបចំឡើងក្នុងបរិបទសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
សមយុទ្ធយោធានេះ នឹងមានរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិត នៅភាគខាងជើងនៃប្រទេសហ្វីលីពីន ដែលនៅឈមនឹងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាខេត្តមួយ នៅម្ដុំសមុទ្រចិនខាងត្បូងដែលមានជម្លោះ ជាកន្លែងដែលហ្វីលីពីន និងចិន បានប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត។
អ្នកនាំពាក្យសមយុទ្ធហ្វីលីពីន លោកវរសេនីយ៍ឯក Dennis Hernandez បាននិយាយថា យោធាជប៉ុន ដែលកំពុងរួមចំណែកបុគ្គលិកចំនួន ១.៤០០នាក់ នឹងប្រើប្រាស់មីស៊ីលតម្រង់គោលដៅប្រភេទ Type 88 ដើម្បីបាញ់ពន្លិចនាវាគោលដៅមួយគ្រឿង នៅភាគខាងជើងតំបន់ Paoay។

ទាហាន អាកាសយានិក និងនាវិកជាង ១៧.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ Balikatan ឬស្មាប្រកៀកស្មារយៈពេល ១៩ថ្ងៃ ដែលមានចំនួនប្រហាក់ប្រហែលនឹងសមយុទ្ធឆ្នាំ២០២៥ ក្នុងនោះរួមមានទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដាផងដែរ។
អ្នកនាំពាក្យសមយុទ្ធអាមេរិក លោក Robert Bunn បាននិយាយនៅមុនពិធីបើក នាថ្ងៃទី២០ ខែមេសានេះថា៖ «សមយុទ្ធ Balikatan តំណាងឲ្យឱកាសមួយ ដើម្បីបង្ហាញពីសម្ព័ន្ធភាពដ៏រឹងមាំរបស់យើងជាមួយប្រទេសហ្វីលីពីន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
គួរបញ្ជាក់ថា សមយុទ្ធ Balikatan កើតឡើងនៅពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយអ៊ីស្រាអែល នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ត្រូវបញ្ចប់បទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាកិច្ចព្រមព្រៀងដែលបានបញ្ឈប់សង្គ្រាមតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

