ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅតែខ្ពស់តាមស្តង់ដារប្រវត្តិសាស្ត្រ ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចក្ដី នៅក្នុងការស្ទង់មតិមួយចំនួន ខណៈដែលសាធារណជន បានថ្លឹងថ្លែងពីការដោះស្រាយរបស់លោកស្រី ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅអ៊ីរ៉ង់។
ការស្ទង់មតិដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បានបង្ហាញថា លោកស្រី Takaichi ទទួលបានការគាំទ្រពីអ្នកឆ្លើយតបជាងពាក់កណ្តាល ដោយទូរទស្សន៍ ANN បង្ហាញពីការគាំទ្រ ៦២ភាគរយ និង FNN លើកឡើងពីការទទួលបាន ៧០ភាគរយ។ ចំណែកសារព័ត៌មាន Mainichi, Asahi និង Yomiuri បង្កាញពីការគាំទ្រ ៥៣ភាគរយ ៦៤ភាគរយ និង ៦៦ភាគរយ រៀងៗខ្លួន។
ទោះបីជាលោកស្រី Takaichi នៅតែមានប្រជាប្រិយភាពយ៉ាងទូលំទូលាយក៏ដោយ ក៏មានការប្រែប្រួលមួយចំនួន នៅក្នុងការគាំទ្ររបស់លោកស្រី ដោយការស្ទង់មតិរបស់សារព័ត៌មាន Mainichi និង Yomiuri បង្ហាញពីការធ្លាក់ចុះការគាំទ្រ ៥ភាគរយ។
៦ខែបន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សង្គ្រាម នៅប្រទេសអ៊ីរ៉ង់ ក៏ដូចជាទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសចិន បានគំរាមកំហែងក្លាយជាស្រមោលគ្របលើការសន្យារបស់លោកស្រី Takaichi ក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការវិនិយោគលើឧស្សាហកម្មដែលមានអាទិភាពខ្ពស់ និងការគាំទ្រដល់គ្រួសារដែលកំពុងប្រឈមនឹងអតិផរណា។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកស្រី Takaichi បានផ្តោតលើកិច្ចប្រឹងប្រែង ក្នុងការទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព។ ប្រទេសជប៉ុនពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ា សម្រាប់ប្រេងជាង ៩០ភាគរយរបស់ខ្លួន ដែលភាគច្រើនត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ៕

