លោក Prem Singh Chib គឺជាស្នងការរងនគរបាលក្រុង Udhampur និយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច ១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្តក្រុង នៅទីក្រុងភាគខាងជើង Udhampur ស្ថិតក្នុងដែនដីសហព័ន្ធចាមមូ និងកាស្មៀ ប្រទេសឥណ្ឌា ។
លោកបន្តថា អ្នកដំណើរនៅលើរថយន្តក្រុង ភាគច្រើនគឺជាអ្នកស្រុកធ្វើដំណើរមកពីតំបន់ Ramnagar ទៅកាន់ទីក្រុង Udhampur ។
លោក Chib និយាយទៀតថា មកទល់នឹងពេលនេះ មនុស្ស ១៣-១៤នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្សយ៉ាងហោច ៣៣នាក់ បានរងរបួស ក្នុងនោះមនុស្ស ២០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ramnagar ។
ឧបទ្ទេវហេតុគ្រោះថ្នាក់នេះដែរ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមនុស្ស ៦នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តក្រុងដឹកអ្នកដំណើរបុកជាមួយរថយន្តធំនៅរដ្ឋភាគខាងជើង Uttar Pradesh ៕

