នៅថ្ងៃចន្ទនេះ យោធាអ៊ីស្រាអែលបានព្រមានអ្នកស្រុកនៅតំបន់ភាគខាងត្បូងលីបង់ មិនត្រូវផ្លាស់ទីទៅកាន់តំបន់ភាគខាងត្បូងភូមិខ្សែបន្ទាត់បានកំណត់ ឬតំបន់ជិតទន្លេ Litani នោះឡើយ ដោយពួកគេនិយាយថា កងកម្លាំងនៅតែបន្តដាក់ពង្រាយទីនោះ ក្នុងតំបន់ អំឡុងបទឈប់បាញ់ ដោយសារតែសកម្មភាពក្រុមបេសបូឡានៅតែកើតមាន ។
នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Avichay Adraee បាននិយាយប្រាប់ជនស៊ីវិលផងដែរថា មិនត្រូវធ្វើដំណើរទៅកាន់ភូមិព្រំដែននោះទេ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ពីព្រោះថា ការធ្វើបែបនេះ នឹងនាំឲ្យមានហានិភ័យចំពោះសុខសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគេ ។

ការព្រមាននៅថ្ងៃចន្ទនេះ បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយយោធាអ៊ីស្រាអែល ចុះផ្សាយជាលើកដំបូងនូវផែនទីខ្សែបន្ទាត់ដាក់ពង្រាយទ័ពថ្មីរបស់ខ្លួននៅក្នុងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ធ្វើឲ្យភូមិដែលគេបោះបង់ចោលភាគច្រើនរាប់សិបកន្លែងរបស់លីបង់ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហេសបូឡា ចូលជាធរមាន ។ ពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីក្រុមមន្រ្តីលីបង់ ឬក្រុមហេសបូឡាគាំទ្រអ៊ីរ៉ង់ ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អ៊ីស្រាអែល និងលីបង់ បានយល់ព្រមបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ៕
