ក្រុមមន្រ្តីរុស្ស៊ីនិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែន លើកំពង់ផែសមុទ្រខ្មៅ Tuapse របស់រុស្ស៊ី បង្កឲ្យមានអគ្គិភ័យកើតឡើង និងបានសម្លាប់មនុស្សម្នាក់ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអណ្តាតភ្លើងត្រូវបានពន្លត់ ស្របពេលមានការវាយប្រហារស្រដៀងគ្នាកាលពីថ្ងៃទី ១៦ ខែមេសា ។
រូបភាពវីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញអគ្គិភ័យ និងសំណុំផ្សែងនៅរោងចក្រចម្រាញ់ប្រេង Tuapse ស្ថិតនៅជិតកំពង់ផែ Tuapse ។
អភិបាលតំបន់ Krasnodar លោក Veniamin Kondratiev និយាយថា បុរសម្នាក់ បានស្លាប់ និងបុរសម្នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែនលើកំពង់ផែ Tuapse ស្ថិតក្នុងសមុទ្រខ្មៅ ។
លោកថា បុរសម្នាក់ ត្រូវបានសម្លាប់នៅក្នុងកំពង់ផែតែម្តង ហើយបុរសម្នាក់ទៀតបានរងរបួស ខណៈកម្ទេចកម្ទីយានដ្រូនបណ្តាលឲ្យខូចខាតអគារជាច្រើននៅក្នុងទីក្រុង ចាប់ពីអគារសាលាមតេយ្យសិក្សា រហូតដល់អគារសាលាបឋមសិក្សា ព្រះវិហារ និងប្លុកអគារផ្ទះល្វែងរបស់អ្នកស្រុក ។
ស្ថិតក្នុងចំណោមកំពង់ផែនៅភាគខាងត្បូងប្រទេសរុស្ស៊ី កំពង់ផែ Tuapse គឺជាមជ្ឈមណ្ឌលនាំចេញផលិតផលប្រេងដ៏សំខាន់មួយ និងជាកន្លែងនាំចេញទំនិញស្ងួតជាច្រើនទៀត ដូចជាធ្យូងថ្ម និងជីកសិកម្ម ៕

