ទីបញ្ជាការភូមិភាគត្បូងសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិក បានសម្លាប់បុរស ៣នាក់ ដែលយោធាចាត់ទុកថា ជាក្រុមជួញដូរគ្រឿងញៀនខុសច្បាប់ អំឡុងការវាយប្រហារលើទូកមួយគ្រឿង ក្នុងសមុទ្រការ៉ាអ៊ីប ។

ទីបញ្ជាការភូមិភាគត្បូងសហរដ្ឋអាមេរិក បានបង្ហោះលើបណ្តាញព័ត៌មានសង្គម X នូវអ្វីដែលពួកគេនិយាយថា គឺជាវីដេអូនៃការវាយប្រហារ ឃើញការផ្ទុះនៅលើទូកតូចមួយគ្រឿង ដែលកំពុងធ្វើដំណើរនៅក្នុងសមុទ្រ ។
ពួកគេបន្តថា ទូកតូចមួយគ្រឿងនេះ កំពុងធ្វើដំណើរតាមផ្លូវដែលគេស្គាល់ច្បាស់ថា ជាផ្លូវរត់ពន្ធគ្រឿងញៀនខុសច្បាប់ ស្ថិតនៅក្នុងសមុទ្រការ៉ាអ៊ីប ។
មន្រ្តីការពារជាតិសហរដ្ឋអាមេរិក និយាយកាលពីខែមុនថា យោធាសហរដ្ឋអាមេរិក បានសម្លាប់សមាជិកចោទប្រកាន់របស់អង្គការគ្រឿងញៀនចំនួន ១៥៧នាក់ អំឡុងការវាយប្រហារ ៤៥លើកលើនាវាជួញដូរគ្រឿងញៀន នៅអឌ្ឍគោលខាងលិច ៕
