កាលពីថ្ងៃអាទិត្យម្សិលមិញ មេដឹកនាំអ៊ីស្រាអែល និងអាហ្សង់ទីន បានប្រកាសដាក់ឲ្យប្រើប្រាស់ការហោះហើរផ្ទាល់រវាងប្រទេសទាំង ២ ។
សេចក្តីប្រកាសនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu និងប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei បន្ទាប់ពីជំនួបដែលប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចព្រមព្រៀងអាកាសចរណ៍ ។
ជំនួបនេះដែរ ត្រូវបានចូលរួមដោយរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Sa’ar រដ្ឋមន្រ្តីដឹកជញ្ជូនលោក Miri Regev រដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Bezalel Smotrich និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលលោក Mike Huckabee ។

លោក Amikam Ben-Zvi គឺជាប្រធានក្រុមហ៊ុនអាកាសចរណ៍ El Al Israel Airlines និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមការហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសអាហ្សង់ទីនៅឆ្នាំនេះ ដែលជាផ្លូវហោះហើរឆ្ងាយបំផុតរបស់ខ្លួនមកទល់នឹងពេលនេះ ។
អំឡុងសន្និសីទសារព័ត៌មាននោះដែរ លោក Netanyahu និយាយថា ពួកយើងកំពុងស្ថិតក្នុងពេលវេលានៃការប្រកួតប្រជែងដ៏អស្ចារ្យ និងផលវិបាកដ៏អស្ចារ្យ ។ ពួកយើងបានចូលរួមធ្វើសង្រ្គាមជាមួយសហដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលធ្វើឲ្យពិភពលោកភិតភ័យ ដែលព្យយាមបំផ្លិចបំផ្លាញពួកយើង និងព្យាយាមផ្តួលរំលំសហរដ្ឋអាមេរិក និងព្យាយាមផ្តួលរំលំអរិយធម៌លោកខាងលិច ៕
