អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ប្រទេសចិនបានបង្ហាញក្ដីបារម្ភអំពី «ការស្ទាក់ចាប់ដោយបង្ខំ» ដោយសហរដ្ឋអាមេរិក ចំបោះនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ដោយជំរុញឲ្យភាគីពាក់ព័ន្ធគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់តាមរបៀបដែលមានការទទួលខុសត្រូវ។
អ្នកនាំពាក្យ លោក Guo Jiakun បាននិយាយអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ស្ថានភាពនៅច្រកសមុទ្រ Hormuz គឺមានភាពរសើប និងស្មុគស្មាញ។ ភាគីពាក់ព័ន្ធគួរតែជៀសវាងការកើនឡើងនូវភាពតានតឹងបន្ថែមទៀត និងបង្កើតលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យការដឹកជញ្ជូនធម្មតាឆ្លងកាត់ច្រកសមុទ្រនេះចាប់ផ្ដើមឡើងវិញ»។

សហរដ្ឋអាមេរិកបានឲ្យដឹងនៅមុននេះថា ខ្លួនបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមធ្វើដំណើរបំពាននឹងវិធានការបិទផ្លូវរបស់ខ្លួន ចំពោះកំពង់ផែអ៊ីរ៉ង់។ ចំណែកយោធាអ៊ីរ៉ង់ បានប្រាប់ថា នាវានេះបាន និងកំពុងធ្វើដំណើរចេញពីប្រទេសចិន ហើយបានសន្យាធ្វើការសងសឹក ចំពោះអ្វីដែលខ្លួនហៅថា ជា «ទង្វើចោរសមុទ្រប្រដាប់អាវុធដោយយោធាអាមេរិក»។
នៅថ្ងៃចន្ទ ទីក្រុងប៉េកាំងក៏បានជំរុញឲ្យភាគីពាក់ព័ន្ធ «បន្តរក្សាសន្ទុះនៃបទឈប់បាញ់ និងការចរចា»។ លោក Guo បានសង្គត់ធ្ងន់ថា៖ «ឥឡូវនេះ ឱកាស សម្រាប់សន្តិភាព បានកើតមានហើយ លក្ខខណ្ឌអំណោយផល គួរតែត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕
