រដ្ឋមន្រ្តីការបរទេសទួរគីលោក Hakan Fidan និយាយកាលពីថ្ងៃអាទិត្យថា ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មានឆន្ទៈដូចគ្នា ក្នុងការបន្តកិច្ចប្រជុំ ដើម្បីបញ្ចប់សង្រ្គាម ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅវេទិកាការទូត ស្ថិតក្នុងខេត្តភាគខាងត្បូង Antalya លោក Fidan និយាយថា ស្របពេលដែលកិច្ចប្រជុំរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបញ្ចប់ភាគច្រើនហើយនោះ នៅមានការការមិនឯកភាពគ្នាច្រើនទៀត ។ លោកថា បទឈប់បាញ់ដែលគ្រោងនឹងផុតកំណត់នៅសប្តាហ៍នេះ គួរតែបន្ត ។
លោក Fidan និយាយទៀតថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានចូលដល់ដំណាក់កាលសំខាន់ ។ នេះគឺជាចំណេះដឹងរួម អ្វីដែលល្អបំផុត គឺភាគីទាំង ២ នៅបន្តកិច្ចប្រជុំដោយមានបំណងពិតប្រាកដ និងស្មោះត្រង់ ពួកគេមានឆន្ទៈបន្តកិច្ចចរចា ។

លោកបន្តថា មិនថាភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ពិភពលោកទាំងមូល ធូរស្បើយដោយសារបទឈប់បាញ់បច្ចុប្បន្ន ហើយការបន្តជជែកគ្នា គឺជាសំខាន់សម្រាប់អ្នករាល់គ្នា ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ពួកគេមិនទាន់ឈានដល់ការសម្រេចចិត្តថា តើត្រូវចូលរួមកិច្ចចរចាជុំបន្ទាប់ជាមួយសហរដ្ឋអាមេរិកដែរ ឬអត់នោះទេ ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា គិតត្រឹមពេលនេះ នៅពេលដែលលោកកំពុងនិយាយទៅកាន់អ្នកទាំងអស់គ្នា ពួកយើងមិនមានផែនការសម្រាប់ការចរចាជុំបន្ទាប់នោះទេ ហើយមិនទាន់មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើង ទាក់ទងនឹងរឿងនេះនោះដែរ ៕
