ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថា លោកនឹងត្រៀមខ្លួនរួចរាល់ក្នុងការជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅពេលណាកិច្ចព្រមព្រៀងធំរវាងប្រទេសទាំង ២ ត្រូវបានរៀបចំរួចរាល់ ។
អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី RT លោក Lukashenko និយាយថា ពួកយើងត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀង ប៉ុន្តែវាត្រូវការរៀបចំជាមុនសិន តាមវិធីដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់ប្រទេសទាំង ២ ទាំងសម្រាប់បេឡារុស និងសម្រាប់សហរដ្ឋអាមរិក ។

គួរឲ្យដឹងថា លោក Lukashenko គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរូបរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយនិងបានគាំទ្រការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បើទោះបីជាពួកគេពុំបានបញ្ជូនទាហានឲ្យទៅជួយច្បាំងនៅទីនោះក៏ដោយ ។
កាលពីខែមិនាកន្លងទៅ ប្រេសិតពិសេសរបស់លោក Trump លោក John Coale និយាយថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រធានាធិបតីបេឡារុស អាចនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក គឺជាដំណើរទស្សនកិច្ចមួយបង្ហាញពីសញ្ញាទម្លុះភាពទាល់ច្រក សម្រាប់មេដឹកនាំផ្តាច់ការចាស់វស្សារូបនេះ ក្រោយត្រូវបានចាត់ទុកថាជាមនុស្សថោកទាប ដោយសារការបំពានមនុស្សធម៌ និងការគាំទ្ររបស់លោកសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ៕
