ស្ថាប័នការពារដែនកោះតៃវ៉ាន់ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចិន Liaoning បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ដែលជាការឆ្លងកាត់ផ្លូវទឹកដ៏រសើបនេះជាលើកដំបូងដោយនាវាបែបនេះ គិតចាប់តាំងពីចុងឆ្នាំ២០២៥ មក។
កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន រាយការណ៍ពីសកម្មភាពយោធាចិន ស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ ដែលទីក្រុងតៃប៉ិចាត់ទុកថា ជាយុទ្ធនាការដាក់សម្ពាធជាបន្តបន្ទាប់ លើរដ្ឋបាលជាប់ឆ្នោតតាមបែបប្រព័ន្ធប្រជាធិបតេយ្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័នការពារដែនកោះបានឲ្យដឹងថា នាវាផ្ទុកយន្តហោះ Liaoning បានឆ្លងកាត់ច្រកសមុទ្រនេះ ហើយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ បានបន្តតាម «ឃ្លាំមើលយ៉ាងជិតស្និទ្ធ និងឥតដាច់ពេញមួយការធ្វើនាវាចរណ៍នេះ»។ អាជ្ញាធរបានបង្ហាញរូបភាពស-ខ្មៅរបស់នាវានេះ ដែលយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងអាចត្រូវបានមើលឃើញ នៅលើផ្ទៃខាងលើរបស់នាវានោះ។
យ៉ាងណាក្ដី ស្ថាប័ននេះមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតឡើយ។ ក្រសួងការពារជាតិចិន ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។
លើកចុងក្រោយដែលកោះតៃវ៉ាន់ បានរាយការណ៍ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង នៅក្នុងច្រកសមុទ្រនេះ គឺនៅពាក់កណ្តាលខែធ្នូឆ្នាំមុន នៅពេលដែលនាវា Fujian ដែលជានាវាផ្ទុកយន្តហោះថ្មីបំផុត និងទំនើបបំផុតរបស់ប្រទេសចិន បានឆ្លងកាត់ផ្លូវទឹកនេះ។ នាវាផ្ទុកយន្តហោះ Liaoning គឺជានាវាផ្ទុកយន្តហោះចាស់ជាងគេបំផុត ក្នុងចំណោមនាវាផ្ទុកយន្តហោះទាំង៣ របស់ប្រទេសចិនដែលកំពុងប្រតិបត្តិការ៕
