ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បាននិយាយថា ការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា គឺ «មានសារៈសំខាន់» សម្រាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។

លោក Lee បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ សម្រាប់ជំនួបកំពូល នៅទីក្រុងញូវដេលី។ លោក Lee បានទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃអាទិត្យ សម្រាប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលជាការធ្វើដំណើរលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់ប្រទេសឥណ្ឌា ក្នុងរយៈពេល ៨ឆ្នាំ។
អមដោយការបន្ថែមថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាបន្តរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការ «ដោះស្រាយ» បញ្ហាអន្តរជាតិ លោក Lee បានលើកឡើងថា៖ «លោកនាយករដ្ឋមន្ត្រី Modi និងខ្ញុំ បានផ្លាស់ប្តូរទស្សនៈ ជុំវិញព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើង នៅតំបន់មជ្ឈិមបូព៌ា ហើយបានឯកភាពគ្នាថា ការស្តារឡើងវិញនូវស្ថិរភាព និងសន្តិភាព នៅមជ្ឈិមបូព៌ា គឺមានសារៈសំខាន់ ចំពោះសន្តិសុខសកល និងសេដ្ឋកិច្ច»។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Lee នេះ បានកើតឡើងស្របពេលមានភាពតានតឹង ក្នុងតំបន់ បន្ទាប់ពីមានការវាយលុករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជាង ៣.៣០០នាក់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយបទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ត្រូវបានផុតកំណត់នៅព្រឹកព្រលឹមថ្ងៃពុធសប្តាហ៍នេះ៕
