ប្រភពប៉ាគីស្ថានចំនួន ២ ដែលដឹងពីដំណើរការសម្របសម្រួល បានប្រាប់សារព័ត៌មាន Anadolu នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសអ៊ីរ៉ង់នឹងចូលរួមក្នុងកិច្ចចរចាជុំទី២ ជាមួយសហរដ្ឋអាមេរិក នៅទីក្រុងអ៊ីស្លាម៉ាបាដ ទោះបីជាមានអរិភាពចុងក្រោយបង្អស់ នៅច្រកសមុទ្រ Hormuz ក៏ដោយ។
យោងតាមប្រភពទាំងនេះ បានឲ្យដឹងថា គណៈប្រតិភូអ៊ីរ៉ង់ទំនងជានឹងទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន នៅថ្ងៃអង្គារ ទោះបីជាទីក្រុងតេអេរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយក្ដី អំពីការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចចរចាដែលអាចកើតមាននេះ។
ទីក្រុងតេអេរ៉ង់ត្រូវបានគេរំពឹងថា នឹងត្រូវបានតំណាងដោយគណៈប្រតិភូដដែល ដែលបានចូលរួមក្នុងកិច្ចចរចាជុំទី១ កាលពីដើមខែនេះ ដោយដឹកនាំដោយប្រធានសភា លោក Bagher Qalibaf និងរួមមានរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi។
ប្រភព បានឲ្យដឹងទៀតថា ចំណែកគណៈប្រតិភូអាមេរិកដែលទំនងជាដឹកនាំដោយអនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងរួមបញ្ចូលបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner ដែលត្រូវបានគេរំពឹងថា នឹងទីដល់ទីក្រុងអ៊ីស្លាម៉ាបាដនៅយប់ថ្ងៃចន្ទនេះ ឬថ្ងៃអង្គារ ដោយបានបន្ថែមថា លោក Vance អាចនឹងធ្វើដំណើរដាច់ដោយឡែក។
យ៉ាងណាក្ដី មិនមានសេចក្តីថ្លែងការណ៍ជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោននោះឡើយ អំពីកាលវិភាគទៅដល់សម្រាប់គណៈប្រតិភូអាមេរិក៕