រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា អ៊ីស្រាអែល កំពុងអនុវត្តយុទ្ធសាស្ត្រយោធា នៅភាគខាងត្បូងនៃប្រទេសលីបង់ ដូចនៅតំបន់ហ្កាហ្សាដែរ ខណៈពេលដែលទទូចថា ខ្លួនមិនអាចរក្សាទំនាក់ទំនងធម្មតាជាមួយសហភាពអឺរ៉ុប (EU) បានទេ ក្នុងពេលមានការរំលោភសិទ្ធិមនុស្សដែលកំពុងបន្ត។
លោក Jose Manuel Albares បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ RTVE ថា ស្ថានភាពនៅលីបង់ ឆ្លុះបញ្ចាំងពីគំរូនៃ «ការរារាំងជីវិតរស់នៅប្រចាំថ្ងៃ សម្រាប់ពលរដ្ឋលីបង់ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ បទបញ្ជាឲ្យប្រជាជនផ្លាស់ទីលំនៅដោយបង្ខំ ដើម្បីកុំឲ្យពួកគេត្រឡប់ទៅវិញ ក៏ដូចជាការវាយប្រហារដោយភាគីទាំង២ លើកងកម្លាំងអង្គការសហប្រជាជាតិ នៅលីបង់ផងដែរ»។
លោក Albares បានឲ្យដឹងទៀតថា ទាំងអស់នេះ បង្ហាញថា អ៊ីស្រាអែលកំពុងស្វែងរកការគ្រប់គ្រងលើផ្នែកនៃរដ្ឋអធិបតេយ្យមួយ។ លោករដ្ឋមន្ត្រីរូបនេះបានព្រមានថា «ការធ្វើបែបនេះនឹងធ្ងន់ធ្ងរខ្លាំងណាស់ សម្រាប់ស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា និងសម្រាប់សន្តិសុខរបស់អ៊ីស្រាអែលផ្ទាល់» ដោយលោកបានបន្ថែមថា អ៊ីស្រាអែល «កំពុងនាំឲ្យតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅរកការមានសង្គ្រាមជារៀងរហូត»។
លោក Albares ក៏បានបញ្ជាក់ជាថ្មីនូវការជំរុញរបស់អេស្ប៉ាញឲ្យ EU ផ្អាកកិច្ចព្រមព្រៀងសមាគម (Association Agreement) របស់ប្លុកជាមួយអ៊ីស្រាអែល ដែលលោកនឹងជជែកតវ៉ានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នាថ្ងៃអង្គារ។ លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែយល់ថា ខ្លួនមិនអាចមានទំនាក់ទំនងធម្មតាបានទេ នៅពេលដែលសិទ្ធិមនុស្សត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនោះ»។
ងាកទៅជម្លោះកាន់តែរីកធំ ក្នុងតំបន់វិញ លោក Albares បានប្រាប់ថា អេស្ប៉ាញនឹងមិនចូលរួមក្នុងប្រតិបត្តិការយោធាណាមួយ នៅក្នុងច្រកសមុទ្រ Hormuz ជាកន្លែងដែលភាពតានតឹង នៅតែខ្ពស់ ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្ន រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ៕