នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បានថ្កោលទោសហេតុការណ៍ដែលទាហានអ៊ីស្រាអែលម្នាក់ បានបំផ្លាញបដិមាព្រះយេស៊ូ នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា ទង្វើនេះផ្ទុយនឹងតម្លៃរបស់អ៊ីស្រាអែល ហើយនឹងត្រូវមានការស៊ើបអង្កេត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញសង្គម X លោក Netanyahu បានលើកឡើងថា លោកមានការភ្ញាក់ផ្អើល និងសោកសៅ ចំពោះហេតុការណ៍នោះ ដែលលោកបានថ្កោលទោស «យ៉ាងខ្លាំង»។
លោក Netanyahu បាននិយាយថា៖ «កាលពីម្សិលមិញ ដូចជាប្រជាជនអ៊ីស្រាអែលភាគច្រើនលើសលប់ដែរ ខ្ញុំមានការភ្ញាក់ផ្អើល និងសោកសៅដែលបានដឹងថា ទាហាន IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ម្នាក់បានបំផ្លាញបដិមានៃសាសនាកាតូលិក នៅភាគខាងត្បូងនៃប្រទេសលីបង់។ ខ្ញុំថ្កោលទោសទង្វើនេះយ៉ាងខ្លាំង»។
លោកបានបន្ថែមថា អាជ្ញាធរយោធាកំពុងធ្វើការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ ហើយនឹងចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលដែលត្រូវទទួលខុសត្រូវ។
គួរបញ្ជាក់ថា រូបភាពរបស់ទាហានអ៊ីស្រាអែលម្នាក់ កំពុងវាយបដិមាព្រះយេស៊ូគ្រិស្ត នៅភាគខាងត្បូងនៃប្រទេសលីបង់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម។ រូបភាពនេះហាក់ដូចជាបង្ហាញពីទាហានអ៊ីស្រាអែលម្នាក់ កំពុងប្រើញញួរធំ ដើម្បីវាយព្រះសិរនៃបដិមាព្រះយេស៊ូដែលមានឈើឆ្កាង។ បដិមានៃព្រះយេស៊ូនោះបានធ្លាក់ពីលើឈើឆ្កាងរួចហើយ៕