សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ទាំងពីរនេះបានបង្ហាញសញ្ញាថា ពួកគេបានត្រៀមជាស្រេចសម្រាប់សង្គ្រាម ខណៈបទឈប់បាញ់ដ៏ផុយស្រួយកំពុងរង្គោះរង្គើ ដោយកិច្ចចរចាសន្តិភាពនៅតែមិនប្រាកដប្រជា បន្ទាប់ពីសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង។

ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អនុប្រធានាធិបតី លោក JD Vance ត្រូវបានកំណត់ឱ្យវិលត្រឡប់ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដវិញសម្រាប់កិច្ចចរចា ប៉ុន្តែទីក្រុងតេអេរ៉ង់ មិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួននោះទេ ដែលបង្កើនមន្ទិលសង្ស័យថាតើផ្នែកការទូតអាចបន្តឡើងវិញបានដែរឬយ៉ាងណា។
ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់ ដោយអ៊ីរ៉ង់បានសន្យាថាខ្លួននឹងមិន «ទទួលយកការចរចា ក្រោមស្រមោលនៃការគំរាមកំហែង» ឡើយ។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគំរាមដាក់គោលដៅលើនាវាឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកលដោយគ្មានការអនុញ្ញាត ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចោទប្រកាន់អ៊ីរ៉ង់ថាបានរំខានដល់ការដឹកជញ្ជូន។
ចាប់តាំងពីការចាប់ផ្តើមនៃការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមេសា កងកម្លាំងអាមេរិកបានបញ្ជាឱ្យនាវាចំនួន២៧គ្រឿងត្រឡប់ក្រោយ ឬត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់វិញ នេះបើយោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងការប្រកាសមួយនៅលើបណ្តាញ X។
មន្ត្រីក្រសួងការបរទេសម្នាក់បានប្រាប់ ប្រាប់សារព័ត៌មាន AFPថា ដោយឡែក សហរដ្ឋអាមេរិកក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំទីពីររវាងអ៊ីស្រាអែល និងលីបង់ នៅថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងវ៉ាស៊ីនតោន។