អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ទីផ្សារនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា នៅតែមានភាពធន់ និងដើរតួយ៉ាងសំខាន់ ក្នុងការ បន្តជ្រោមជ្រែងដល់ទីផ្សារនាំចេញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ទោះមានផលប៉ះពាល់ទាំងផ្នែកខាងក្នុង និងខាងក្រៅក៏ដោយ។
លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិតសភាកម្ពុជា លើកឡើងនៅក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ជុំវិញបច្ចុប្បន្នភាពនៃការនាំចេញទំនិញ និងសេដ្ឋកិច្ចកម្ពុជានេះថា កម្ពុជាគឺជាប្រទេសតូច និងមានអំណាច ទិញក៏តូច ដែលឆាប់នឹងរងការប៉ះពាល់ដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច។ តែទោះបីយ៉ាងណាកម្ពុជាមានដៃគូសំខាន់ជាច្រើន ពឹង ផ្អែកដល់ការនំាចេញ ក្នុងនោះកម្ពុជាក៏បានត្រៀមខ្លួនសមស្រប លើការទប់ទល់និងផលប៉ះពាល់ពីកត្តាខាងក្រៅដូចជា ការកើនឡើង នូវភាពតាន់តឹងនៃភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល ជាពិសេសការរីកដុះដាលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលអាចធ្វើឱ្យប៉ះ ពាល់ដល់ខ្សែច្រវាក់ផលិតកកម្មជាសកលជាដើម។
លោកបណ្ឌិត បន្តថា ក្រៅពីស្ថានភាពខាងក្រៅ កម្ពុជាក៏នៅជួបបញ្ហាប្រឈមដែលមិនទាន់មានភាពប្រាកដប្រជានៅឡើយ រវាងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ តែទោះបីយ៉ាងណាមិនប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសមុខទំនិញដែលជា អាទិភាព គាំទ្រដល់ទីផ្សារនាំចេញរបស់កម្ពុជាឡើយ។ លោកបណ្ឌិត បន្ថែមទៀតថា ស្របពេលនេះផងដែរឃើញថា ផលិតកម្ម សិប្បកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម បានកំពុងដំណើរការក្នុងស្រុកយ៉ាងផុលផុស លើដំណើរការផលិត និងកែច្នៃ សម្រាប់ផ្គត់ផ្គង់ទំនិញលើទីផ្សារ ពោលគឺមុខទំនិញសម្រាប់ការនាំចេញ និងផលិតផលដែលគាំទ្រដល់ទីផ្សារក្នុងស្រុក បាននិងកំពុង ដើរតួសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតថ្លែងថា៖«ខ្ញុំឃើញថា មិនមានផលប៉ះពាល់ ហើយក៏មិនមានរបាយការណ៍បង្ហាញអំពីភាពថយចុះនៃការនាំចេញរបស់កម្ពុជា ជាពិសេសវិស័យ កាត់ដេរសម្លៀកបំពាក់ សម្ភារៈសម្រាប់ធ្វើដំណើរ និងស្បែកជើងជាដើម មិនទាន់មានសញ្ញាណាមួយបង្ហាញអំពីភាពថមថយនោះទេ គឺអាចរួមចំណែកទ្រទ្រង់ភាពធន់ក្នុងសេដ្ឋកិច្ច»។
សូមបញ្ជក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើនជិត ១៨ ភាគរយ ខណៈការនាំចូលពីបរទេសមានទឹកប្រាក់ជាង ៨,៨ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយ បើធៀបរយៈពេល ដូចគ្នាឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី





