មន្ត្រីសហភាពអឺរ៉ុប បាននិយាយថា ពួកគេរំពឹងថានឹងមានវឌ្ឍនភាពនៅសប្តាហ៍នេះលើឯកសារសំខាន់ៗទាក់ទងនឹងអ៊ុយក្រែន និងអ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលរដ្ឋាភិបាលរបស់លោកបានរារាំងគំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានបោះឆ្នោតឲ្យចាកចេញពីតំណែង។

យោងតាមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ការចាកចេញរបស់លោក Orban នាពេលខាងមុខ បើកផ្លូវឱ្យប្លុកនេះបញ្ចេញប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (១០៦ពាន់លានដុល្លារ) ដល់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅឋានអ៊ីស្រាអែលដែលប្រើអំពើហិង្សា។

យោងតាមប្រទេសស៊ីប ដែលជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា ប្រាក់កម្ចីដល់អ៊ុយក្រែនដែលត្រូវការយ៉ាងខ្លាំងដោយទីក្រុងគីវ ដើម្បីបន្តការការពាររបស់ខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី អាចនឹងត្រូវបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធ។ អ្នកនាំពាក្យម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងងថា «ចំណុចសំខាន់ចុងក្រោយដែលត្រូវការដើម្បីអនុញ្ញាតឱ្យមានការបែងចែកប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន» នឹងមាននៅលើរបៀបវារៈ ដោយនិយាយសំដៅទៅលើការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសហុងគ្រី។ កិច្ចប្រជុំអ្នកការទូតនៅថ្ងៃពុធ នឹងស្វែងរកការឯកភាពគ្នាលើវិសោធនកម្មចាំបាច់ចំពោះថវិការបស់ប្លុកអឺរ៉ុប មុនពេលនីតិវិធីជាលាយលក្ខណ៍អក្សរត្រូវបានចាប់ផ្តើមសម្រាប់ការអនុម័តចុងក្រោយនៃប្រាក់កម្ចី។ ដំណើរការនេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈមេដឹកនាំថ្មីរបស់ប្រទេសហុងគ្រី លោក Peter Magyar បានត្រៀមឡើងកាន់តំណែង។ លោក Orban ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអ្នកបំផ្លាញដ៏សំខាន់របស់សហភាពអឺរ៉ុប បានទប់ប្រាក់កម្ចីនេះជាអានុភាពនៅក្នុងជម្លោះជាមួយទីក្រុងគីវ ជុំវិញការផ្អាកការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីនៅលើទឹកដីរបស់អ៊ុយក្រែនតាមរយៈបំពង់បង្ហូរប្រេង Druzhba។ អ៊ុយក្រែន បាននិយាយថា បំពង់បង្ហូរប្រេងនេះត្រូវបានបិទដោយសារតែការវាយប្រហាររបស់រុស្ស៊ី។