ហុងគ្រី៖ ប្រទេសហុងគ្រីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានត្រៀមលក្ខណៈដើម្បីទូទាត់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់រូប្លិ៍ ដោយបែកចេញពីក្រុមក្នុងសហភាពអឺរ៉ុបដែលបានស្វែងរកការរួបរួមជាធ្លុងមួយ ប្រឆាំងនឹងការទាមទាររបស់ទីក្រុងមូស្គូសម្រាប់ការទូទាត់ជារូបិយប័ណ្ណរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រី Viktor Orban បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ប្រទេសហុងគ្រីនឹងទូទាត់ទំនិញជាប្រាប់រូប្លិ៍ បើរុស្ស៊ីចង់បាន។ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានសហភាពអឺរ៉ុបថា ប្លុកនេះនឹងប្រឈមការកាត់ផ្ដាច់ឧស្ម័នលុះត្រាតែទូទាត់ជាប្រាក់រូប្លិ៍ ខណៈលោកព្យាយាមសងសឹកវិញដោយសារការដាក់ទណ្ឌកម្មពីលោកខាងលិចលើទីក្រុង Moscow ចំពោះការវាយប្រហារលើអ៊ុយក្រែន។ ហុងគ្រីគឺជាប្រទេសមួយក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនតូច ដែលបានច្រានចោលការដាក់ទណ្ឌកម្មលើថាមពលលើរុស្ស៊ីឆ្លើយតបទៅនឹងជម្លោះ ដែលរុស្ស៊ីហៅថាជាប្រតិបត្តិការយោធាពិសេស៕
អត្ថបទ៖ សុខមាន