សមាគមប្រតិបត្តិករទូរស័ព្ទចល័តរបស់ប្រទេសបង់ក្លាដែស The Association of Mobile Telecom Operator of Bangladesh (AMTOB) បានឱ្យដឹងថា ខ្លួនកំពុងប្រឈមមុខនឹងការបិទប្រព័ន្ធទូរស័ព្ទចល័តនៅទូទាំងប្រទេស ប្រសិនមិនមានប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់គ្រប់គ្រាន់នៅពេលខាងមុខ ។

បង់ក្លាដែសជាប្រទេសមានទីតាំងភូមិសាស្ត្រក្នុងតំបន់អាស៊ីខាងត្បូង និងមានចំនួនប្រជាជនសរុបប្រមាណជាង១៧០លាននាក់ ហើយប្រទេសនេះពឹងផ្អែកលើការនាំចូលថាមពល មានប្រេងឥន្ធនៈ និងឧស្ម័នជាដើមក្នុងរង្វង់៩៥% ដែលភាគច្រើននៃថាមពល គឺត្រូវបាននាំចូលពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ។
ប្រធានប្រតិបត្តិសមាគមប្រតិបត្តិករទូរស័ព្ទចល័តរបស់ប្រទេសបង់ក្លាដែស AMTOB បានឱ្យដឹងថា ដំណើរការប្រព្រឹត្តទៅនៃប្រព័ន្ធទូរស័ព្ទចល័តនៅក្នុងប្រទេសនេះ អាចនឹងមិនដំណើរការរយៈពេលយូរបន្តទៀតទេ ប្រសិនបើមិនមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ហើយសមាគមក៏មិនអាចជួយក្រុមហ៊ុនបានដែរ ។
សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំឱ្យប្រទេសបង់ក្លាដែសជួបប្រទះនូវកង្វះខាតថាមពលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ គឺដោយសារប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនថាមពល ហើយការបិទច្រកសមុទ្រ Hormuzនេះ នាំឱ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅជុំវិញពិភពលោក ៕

