ភ្នំពេញ៖ ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២ ស្ថិតក្នុងអត្រា ៤,៥% ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម ស្របពេលកម្ពុជាលុបចោលនូវការដាក់កំហិតលើការធ្វើដំណើរ និងស្របពេលដែលកម្ពុជា មានអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ។
ធនាគារពិភពលោក (WB) បានបង្ហាញរបាយការណ៍ពីស្ថានភាពកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២២ កំណើន ៤,៥% គាំទ្រដោយការស្តារសេដ្ឋកិច្ចក្នុងស្រុកល្អប្រសើរ គាំទ្រដោយការដកចេញនូវការហាមឃាត់ធ្វើដំណើរ ការធ្លាក់ចុះនៃតម្រូវការជាសកល, និងការកើនឡើងនៃថ្លៃទំនិញជាដើម។
គេរំពឹងថា ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ គឺនៅតែសង្កត់ធ្ងន់លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម ខណៈការនាំចេញផលិតផលកម្មន្តសាល នឹងជួបការលំបាក។
សម្រាប់បញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក លើកឡើងថា ការកើនឡើងនៃអត្រាឆ្លងអូមេក្រង់ ឬមេរោគប្រភេទថ្មីៗដែលគេមិនអាចគ្រប់គ្រងបាន អាចបង្អាក់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ។
ចំណែកការកើនឡើងនៃតម្លៃថាមពល និងស្បៀង អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់និងធ្វើឲ្យសុខុមាលភាពប្រជាជនធ្លាក់ចុះ ប៉ះពាល់ជាអវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ។ ម៉្យាងវិញទៀតកំណើនឥណទានខ្ពស់ និងការផ្តោតអារម្មណ៍លើឥណទានក្នុងស្រុក ក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យមួយ ចំពោះស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។
ជាចក្ខុវិស័យ, ទោះជាមានការធ្លាក់ចុះជាទូទៅនៃតម្រូវការសកលយ៉ាងណាក៏ដោយ ក៏ការព្យាករណ៍កំណើនសម្រាប់កម្ពុជា គឺស្មើ ៤,៥ភាគរយ ក្នុងឆ្នាំនេះ ដោយផ្អែកលើសេណារីយ៉ូដើមគ្រា ដោយសារមានការលុបចោលនូវការដាក់កំហិតលើការធ្វើដំណើរ ព្រោះកម្ពុជាមានអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ដូច្នេះយើងរំពឹងថា ការស្តារសេដ្ឋកិច្ចឡើងវិញ នៅតែពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិត ផលកសិកម្ម៕
អត្ថបទ៖ សុន រ៉ាឌី
