លោក Peter Magyar មេដឹកនាំគណបក្ស Tisza របស់ប្រទេសហុងគ្រី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលថ្មីរបស់លោក កំពុងធ្វើការដើម្បីបញ្ចេញមូលនិធិនៅសហភាពអឺរ៉ុប(EU) ដែលត្រូវបានបង្កក បន្ទាប់ពីកិច្ចពិភាក្សាតាមបច្ចេកទេសកាលពីពេលថ្មីៗនេះជាមួយមន្ត្រីសហភាពអឺរ៉ុបនៅទីក្រុង Budapest។

គណបក្ស Tisza ទទួលបានជ័យជម្នះយ៉ាងលើសលប់ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១២ ខែមេសា ដោយទទួលបាន ១៤១ អាសនៈ នៅក្នុងសភាដែលមានសមាជិក១៩៩រូប ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីដឹកនាំដោយលោក Magyar។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុង Budapest លោក Magyar បាននិយាយថា ក្រុមរបស់លោក មានបំណងបំពេញតាមតម្រូវការសំខាន់ៗរបស់សហភាពអឺរ៉ុប ក្នុងរយៈពេលបីខែ។ លោក និយាយថា ប្រទេសហុងគ្រី នឹងឈានទៅមុខក្នុងវិស័យជាច្រើនដូចជា វិធានការប្រឆាំងអំពើពុករលួយ សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងឯករាជ្យភាពតុលាការស្របតាមការរំពឹងទុករបស់គណៈកម្មការអឺរ៉ុប។ លោក Magyar បាននិយាយបន្ថែមថា លោកមានផែនការបញ្ចប់កិច្ចព្រមព្រៀងនយោបាយជាមួយគណៈកម្មការអឺរ៉ុបចន្លោះថ្ងៃទី១៥ និងថ្ងៃទី២០ ខែឧសភា ដោយពិពណ៌នាអំពីការប្រគល់មូលនិធិសហភាពអឺរ៉ុបថាមានសារៈសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចនៅប្រទេសហុងគ្រី និងស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ។
គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា គណៈប្រតិភូជាន់ខ្ពស់មួយក្រុមបានបើកកិច្ចប្រជុំបច្ចេកទេសនៅទីក្រុង Budapest កាលពីថ្ងៃទី១៧-១៨ ខែមេសា ជាមួយអ្នកតំណាងរដ្ឋាភិបាលរបស់ប្រទេសហុងគ្រីដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ។ យោងតាមគណៈកម្មការបានឲ្យដឹងថា ការពិភាក្សាទាំងនេះគឺជាឱកាសដំបូងដើម្បីស្វែងយល់ពីជំហាន «ជាក់ស្តែង» ឆ្ពោះទៅរកការបញ្ចេញមូលនិធិសហភាពអឺរ៉ុប ដែលបច្ចុប្បន្ន «ត្រូវបានបង្កកដោយសារតែការព្រួយបារម្ភអំពីនីតិរដ្ឋ និងអំពើពុករលួយ»។
