កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ នឹងមានលក្ខខណ្ឌល្អប្រសើរជាង JCPOA (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ) ឆ្ងាយណាស់ ជាកតិកាសញ្ញាដែលត្រូវបានរៀបចំ និងចុះហត្ថលេខា ក្នុងអំឡុងរដ្ឋបាលរបស់លោក Barak Obama។
លោក Trump បានលើកឡើងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺជា «ផ្លូវដែលផ្ដល់ការធានា» ឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរ សម្រាប់អ៊ីរ៉ង់ ដែលលោកបានអះអាងថា នឹងត្រូវបានប្រើប្រាស់លើអ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាផ្សេងទៀត។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា៖ «ប្រសិនបើកិច្ចព្រមព្រៀងមួយ កើតឡើងក្រោមការដឹកនាំរបស់ Trump វានឹងធានាឲ្យមានសន្តិភាព សន្តិសុខ និងសុវត្ថិភាព ដោយមិនត្រឹមតែសម្រាប់អ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អឺរ៉ុប សហរដ្ឋអាមេរិក និងគ្រប់ទីកន្លែងផ្សេងទៀត»។
លោកបានរៀបរាប់ទៀតថា៖ «វានឹងក្លាយជាអ្វីមួយដែលពិភពលោកទាំងមូល នឹងមានមោទកភាព ជំនួសឲ្យភាពចង្អៀតចង្អល់ និងភាពអាម៉ាស់ជាច្រើនឆ្នាំដែលយើងត្រូវបានបង្ខំឲ្យរងទុក្ខ ដោយសារតែភាពជាអ្នកដឹកនាំគ្មានសមត្ថភាព និងខ្វះភាពក្លាហាន!»។ លោក Trump បានបន្តថា លោក «មិនស្ថិតនៅក្រោមសម្ពាធអ្វីទាំងអស់» ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។
ហើយក្នុងការបង្ហោះមួយផ្សេងទៀត នៅលើបណ្ដាញសង្គម Truth Social មេដឹកនាំអាមេរិកបានបន្ថែមថា ការបិទខ្ទប់ដោយសហរដ្ឋអាមេរិក គឺ «កំពុងបំផ្លាញអ៊ីរ៉ង់ទាំងស្រុង» ហើយនឹងមិនត្រូវបានលុបចោលទេ រហូតដល់មានកិច្ចព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា «ពួកគេកំពុងខាតបង់ ៥០០លានដុល្លារ ក្នុងមួយថ្ងៃ ជាចំនួនដែលមិនអាចបន្តមានទៀតទេ សូម្បីតែក្នុងរយៈពេលខ្លី»៕

