មន្ត្រីមកពីប្រទេសទាំង២ បានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ថា មន្ត្រីអាមេរិកបានជួបជាមួយសមភាគីគុយបារបស់ពួកគេ នៅទីក្រុងឡាហាវ៉ាន (Havana) នៅខែមេសានេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនជំរុញឲ្យមានកំណែទម្រង់សេដ្ឋកិច្ចដឹកនាំដោយរដ្ឋរបស់គុយបា ក្នុងអំឡុងពេលមានវិបត្តិថាមពល និងការបិទខ្ទប់ដោយសហរដ្ឋអាមេរិក ចំពោះការដឹកជញ្ជូនប្រេងទៅកាន់កោះនេះ។
មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូប បានបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា សម្រាប់ការចរចាដែលត្រួតពិនិត្យដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដោយមិនបានបញ្ជាក់លម្អិតឡើយថា តើមន្ត្រីណាខ្លះបានចូលរួមក្នុងកិច្ចចរចានេះ។ កិច្ចប្រជុំនេះត្រូវបានរាយការណ៍ដំបូងគេដោយសារព័ត៌មាន Axios។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា សេដ្ឋកិច្ចគុយបា កំពុងស្ថិតក្នុងស្ថានភាពដួលរលំយ៉ាងឆាប់រហ័ស ហើយថា ឥស្សរជនកាន់អំណាចរបស់កោះនេះ មានឱកាសតិចតួច ដើម្បីធ្វើកំណែទម្រង់សំខាន់ៗដែលគាំទ្រដោយសហរដ្ឋអាមេរិក មុនពេលស្ថានភាពកាន់តែអាក្រក់ទៅៗ»។
គួរបញ្ជាក់ថា កិច្ចចរចានេះ គឺជាសញ្ញាមួយដែលបង្ហាញថា ប្រទេសទាំង២ អាចឈានដល់កិច្ចព្រមព្រៀងការទូត ទោះបីជាលោកប្រធានាធិបតី Donald Trump បានបង្ហើបអំពីវិធានការយោធាដែលអាចកើតមានលើប្រទេសកោះនេះក៏ដោយ ពោលគឺបន្ទាប់ពីមានការវាយឆ្មក់របស់សហរដ្ឋអាមេរិកកាលពីខែមករា ជាហេតុការណ៍ដែលបានឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro នៃប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គុយបា៕
