នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានថ្វាយតង្វាយទីសក្ការៈដែលប្រទេសជិតខាងរបស់ជប៉ុនមើលឃើញថា ជាការលើកតម្កើងដល់អតីតកាលសម័យសង្គ្រាមរបស់ខ្លួន ជាទង្វើដែលមិនមានការទៅកាន់ទៅទីនោះដោយផ្ទាល់ឡើយ ប៉ុន្តែនៅតែអាចធ្វើឲ្យចិន និងប្រទេសជិតខាងដទៃទៀតខឹងសម្បា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការថ្វាយដើមឈើពិសិដ្ឋរបស់លោកស្រី Takaichi ត្រូវបានធ្វើឡើងនៅថ្ងៃដំបូងនៃពិធីបុណ្យនិទាឃរដូវប្រពៃណី នៅទីសក្ការៈ Yasukuni ហើយវាស្របនឹងការធ្វើស្រដៀងគ្នានេះ ដោយអ្នកកាន់តំណែងមុនៗរបស់លោកស្រី គឺលោក Shigeru Ishiba និងលោក Fumio Kishida អំឡុងការកាន់តំណែងរបស់ពួកលោក។
បើទោះបីជាការសម្រេចចិត្តរបស់លោកស្រីមិនទៅកាន់ទីសក្ការៈនោះ បានបង្ហាញពីជំហរប្រុងប្រយ័ត្នជាងមុនរបស់លោកស្រីលើបញ្ហានេះក៏ដោយ ក៏មេដឹកនាំគណបក្សមួយ នៅក្នុងក្រុមចម្រុះកំពុងកាន់អំណាចរបស់លោកស្រី Takaichi បានទៅគោរពទីសក្ការៈនេះ នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមសារព័ត៌មាន Nikkei។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃទី២១ ខែមេសានេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បាននិយាយថា៖ «ខ្ញុំយល់ឃើញថា លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានថ្វាយតង្វាយ ក្នុងនាមការធ្វើផ្ទាល់ខ្លួន ដូច្នេះយើងជារដ្ឋាភិបាលមិនមានតួនាទី ក្នុងការធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ»។
គួរដឹងថា ភាពតានតឹង រវាងទីក្រុងតូក្យូ និងប៉េកាំង នៅតែមិនធូរស្រាល បន្ទាប់ពីមានការលើកឡើងរបស់លោកស្រី Takaichi នៅសភា ក្នុងឆ្នាំ២០២៥ ដែលថា ការលុកលុយរបស់ចិន លើកោះតៃវ៉ាន់ អាចជាយុត្តិកម្មស្របច្បាប់ សម្រាប់ប្រទេសជប៉ុន ក្នុងការបញ្ចូនកងទ័ព៕


