មន្ត្រីបាននិយាយថា កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) មនុស្សយ៉ាងហោចណាស់ ២១នាក់បានបាត់បង់ជីវិត និង ៦១នាក់ទៀតរងរបួស នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរដ៏ណែនចង្អៀត បានរេចេញពីផ្លូវ ហើយធ្លាក់ជម្រាលភ្នំ នៅក្នុងតំបន់ Udhampur នៃដែនដី Jammu និង Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
នគរបាលបានប្រាប់ថា រថយន្តក្រុងនេះ កំពុងធ្វើដំណើរពីតំបន់ Ramnagar ទៅ Udhampur នៅពេលដែលអ្នកបើកបរបានបាត់បង់ការគ្រប់គ្រង នៅម៉ោងប្រហែល ១០ព្រឹក (ម៉ោងក្នុងស្រុក) នៅជិតភូមិ Kagort ខណៈពេលកំពុងបត់យ៉ាងលឿន។

រថយន្តនេះបានធ្លាក់ពីកម្ពស់ប្រហែល ៦០-៧០ហ្វីត (ប្រមាណ ១៨-២១ម៉ែត្រ) ដោយបានបុកម៉ូតូកង់បីមួយគ្រឿងមុនពេលក្រឡាប់ធ្លាក់ពីផ្លូវ។ អ្នកដំណើរនៃម៉ូតូកង់៣ ក៏បានរងរបួសនៅក្នុងហេតុការណ៍នេះផងដែរ។
រដ្ឋមន្ត្រីប្រចាំតំបន់ លោក Jitendra Singh បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅមហាវិទ្យាល័យវេជ្ជសាស្ត្ររដ្ឋាភិបាល Jammu។
អង្គភាពកងទ័ពឥណ្ឌា គឺជាអ្នកឆ្លើយតបដំបូង ដោយជួយសង្គ្រោះមនុស្សរាប់សិបនាក់ដែលជាប់នៅក្នុងបំណែករថយន្ត នៅក្នុងស្ថានភាពដីដ៏លំបាក។ ក្រុមអ្នកជួយសង្គ្រោះត្រូវបានចូលរួមជាមួយអ្នកស្រុក ក្នុងតំបន់ និងភ្នាក់ងារមួយចំនួន ដើម្បីជួយអ្នកដំណើររថយន្តក្រុងដែលជួបគ្រោះថ្នាក់នេះ៕

