អង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃអង្គារនេះ បានព្រមានអំពី «ការអត្ថាធិប្បាយរើសអើងជាតិសាសន៍ជាសាធារណៈគួរឲ្យព្រួយបារម្ភ និងបញ្ហាប្រឈមចំពោះនីតិរដ្ឋ ក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីបារាំង នៅឆ្នាំក្រោយ។
គណបក្ស National Rally (RN) ស្តាំនិយមជ្រុល កំពុងសម្លឹងមើលឱកាសដ៏ល្អបំផុតរបស់ខ្លួន ក្នុងការឡើងកាន់អំណាច ក្នុងការបោះឆ្នោត ដោយលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានចុះចេញពីតំណែង បន្ទាប់ពីចប់ពីរអាណត្តិ។
លោកស្រី Anne Savinel-Barras ប្រធានអង្គការលើកលែងទោសអន្តរជាតិនៅបារាំង បាននិយាយថា ៖«ភាពសាហាវឃោរឃៅនៃការជជែកវែកញែកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសការវាយប្រហាររើសអើងជាតិសាសន៍ និងការរំលោភបំពានដែលផ្តោតលើនីតិរដ្ឋ គឺជាសញ្ញាព្រមានដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់ឆ្នាំមុនការបោះឆ្នោត»។
ការព្រមានរបស់ក្រុមយុទ្ធនាការនេះ បានកើតឡើង បន្ទាប់ពីយុទ្ធនាការបង្ហាញពីស្អប់ខ្ពើមស្តាំនិយមជ្រុលមួយ បានកំណត់គោលដៅលើលោក Bally Bagayoko ដែលជាជនជាតិស្បែកខ្មៅ បានជាប់ឆ្នោតជាអភិបាលក្រុង Saint-Denis កាលពីខែមុន៕

