យោងតាមអគ្គលេខាធិការ លោក Arsenio Dominguez បានឲ្យដឹងថា អង្គការសមុទ្រអន្តរជាតិ (IMO) កំពុងធ្វើការលើផែនការជម្លៀសនាវារាប់រយគ្រឿងដែលជាប់នៅក្នុងឈូងសមុទ្រពែក្ស ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីជាង ៧សប្តាហ៍មុន។
នៅក្រៅព្រឹត្តិការណ៍សប្តាហ៍សមុទ្រសិង្ហបុរី (Singapore Maritime Week) លោក Dominguez បាននិយាយថា ផែនការនេះអាចត្រូវបានអនុវត្ត លុះត្រាតែមានសញ្ញាច្បាស់លាស់ពីការថមថយភាពតានតឹង។ លោកបានបន្តថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) មួយនេះ ក៏នឹងត្រូវបញ្ជាក់ថា តើមីនត្រូវបានដាក់នៅក្នុងច្រកសមុទ្រនេះ មុនពេលបញ្ជូននាវាឆ្លងកាត់ដែរ ឬអត់។
លោក Dominguez បានបន្ថែមថា៖ «ដើម្បីឲ្យយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង យើងត្រូវប្រាកដថា ជម្លោះបានបញ្ចប់ហើយ ធ្វើឲ្យប្រាកដថា មិនមានការគំរាមកំហែងធ្វើការវាយប្រហារលើនាវាណាមួយ និងធ្វើឲ្យប្រាកដថា តំបន់នេះមិនមានគ្រោះថ្នាក់ណាមួយឡើយ ក្នុងនោះរួមទាំងគ្រាប់មីនផងដែរ»។
នាវាប្រហែល ៨០០គ្រឿង នៅតែជាប់នៅក្នុងឈូងសមុទ្រពែក្ស បន្ទាប់ពីចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះបន្តិចម្តងៗបន្ទាប់ពីមានការផ្ទុះឡើងនូវសង្គ្រាម។ ការគំរាមកំហែង និងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ លើនាវា បានធ្វើឲ្យម្ចាស់នាវាភាគច្រើនមានការភ័យខ្លាចខ្លាំងពេកមិនហ៊ានព្យាយាមឆ្លងកាត់ ទោះបីជាសាធារណរដ្ឋឥស្លាម បានអនុញ្ញាតឲ្យនាវាមួយចំនួនចាកចេញតាមផ្លូវដែលត្រូវបានយល់ព្រមឲ្យធ្វើដំណើរ និងទាមទារការទូទាត់ក្នុងករណីខ្លះក៏ដោយ។
ជាមួយគ្នានេះ ការបិទច្រកសមុទ្រដោយសហរដ្ឋអាមេរិកផ្ទាល់ នាដើមសប្តាហ៍មុន ដែលមានគោលបំណងលុបបំបាត់ប្រាក់ចំណូលរបស់អ៊ីរ៉ង់ សម្រាប់សង្គ្រាម បានធ្វើឲ្យស្ថានការណ៍កាន់តែមានហានិភ័យខ្លាំងឡើងៗ។ បទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅក្នុងជម្លោះនេះ ឥឡូវនេះនឹងផុតកំណត់នៅចុងសប្តាហ៍នេះ៕

