រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Minoru Kihara និយាយថា សមាជិក ៣នាក់នៃកងកម្លាំងការពារខ្លួនជប៉ុន ត្រូវបានសម្លាប់ នៅក្នុងឧបទ្ទេវហេតុមួយ អំឡុងសមយុទ្ធនៅតំបន់ភាគខាងត្បូងប្រទេសនាថ្ងៃអង្គារនេះ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Kiharaនិយាយថា គ្រាប់កាំភ្លើងធំបានផ្ទុះ អំឡុងសមយុទ្ធរថក្រោះផ្លោងគ្រាប់របស់កងកម្លាំងការពារជើងគោក នៅតំបន់ហ្វឹកហ្វឺន Hijudai ស្ថិតក្នុងខេត្ត Oita នៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់ទាហានប្រុស ៣នាក់ និងទាហានស្រីម្នាក់រងរបួស ។

លោកបន្តថា ឧបទ្ទេវហេតុនេះ ជាប់ពាក់ព័ន្ធនឹងរថក្រោះចម្បាំង Type 10 របស់ជប៉ុន ដែលប្រភេទរថក្រោះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ។
ឧបទ្ទេវហេតុនេះដែរ បានកើតឡើងនៅថ្ងៃតែមួយ ពេលដែលជប៉ុនបង្ហាញការផ្លាស់ប្តូរដ៏ធំរបស់ខ្លួនចំពោះច្បាប់នាំចេញអាវុធ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ជាមួយនឹងការលុបចោលការរឹតត្បិតការលក់អាវុធឲ្យបរទេស ហើយនិងបើកផ្លូវនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងទៀត ៕
