ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកពឹ្រត្តិការណ៍តាំងព័រណ៍ វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសានេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ បំផុសពីផលិតផលទេសចរណ៍ក្នុងស្រុកក្រោមម្លប់នៃសន្តិភាពផង។
បើតាមលោកស្រី បូរ៉ានិច តំណាងក្រុមហ៊ុនសហការរៀបចំកម្មវិធីពិព័រណ៍ បានថ្លែងថា នៅក្នុងការតាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះ គឺមានដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលទូទៅ ទាក់ទងវិស័យទេសចរណ៍ អប់រំ វប្បធម៌ ហិរញ្ញវត្ថុ អចលនទ្រព្យគ្រឿងយានយន្ត និង កីឡា នៅតាមស្តង់ប្រមាណជិតត ៣០០ស្តង់។
លោកស្រី បន្តថា នៅក្នុងព្រឹតិ្តការណ៍នេះដែរ ក៏មានកម្មវិធីប្រលងសម្លៀកបំពាក់វប្បធម៌ខ្មែរ អមដោយបទចម្រៀងប្រពៃណីខ្មែរ កម្មវិធីប្រកួតប្រជែងយកជ័យលាភីតារា Tik Tok Award ឆ្នាំ២០២២ និងប្រមូលថវិកាសប្បុរសធម៌ បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានប្រមូលផ្តុំតារា Tik Tok ល្បីៗប្រចាំកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ ទេសចរណ៍និងកីឡា ជាលើកដំបូងនេះ គឺជាឱកាសទាក់ទាញប្រជាពលរដ្ឋ ក៏ដូចជាគ្រប់ភ្ញៀវទេសចរ មកទស្សនា និងស្វែងយល់អំពីពហុកីឡដ្ឋានជាតិមរតកតេជោដែលជាសមិទ្ធផលជាតិដ៏ធំធេង និងថ្មីស្រឡាងមួយដែលកើត ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងជម្រុញ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ កីឡាអន្តរជាតិ SEA Games ឆ្នាំ២០២៣ ក្លាយជាគោលដៅទេសចរណ៍ថ្មីមួយដែលមានសក្តានុពលទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តជាតិ ដែលមកកម្សាន្តនៅក្នុង រាជធានីភ្នំពេញ ។
ក្នុងនោះដែរ ឯកឧត្តម បានស្នើបណ្តាប្រតិបត្តិករទេសចរណ៍ បណ្តាគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ត្រូវធ្វើការសម្របខ្លួនធ្វើអាជីវកម្មតាមប្រក្រតីភាពថ្មីចៀសផុតពីកូវីដ១៩ និងត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដែលសម្របខ្លួនបានទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះត្រូវ៖ (ទី១) ការបំលែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ (Digitalization), (ទី២) ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាព ក្នុងការផ្តល់ សេវាកម្ម និងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និង (ទី៣) ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាពជាដើម។
ក្នុងឱកាសនោះដែរ ក្រសួងសុខាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានប្រគល់ឧបករណ៍តេស្តរហ័សកូវីដ១៩ ចំនួន៥០០ប្រអប់ ហើយក្រសួងទេសចរណ៍ក៏បានប្រគល់ម៉ាសចំនួន១០ម៉ឺន ម៉ាសជូនដល់រដ្ឋបាលរាជធានីភ្នំពេញ៕អត្ថបទ ស៊ុម សុខជា