អាជ្ញាធរបាននិយាយថា ក្រុមឧទ្ទាមកូឡុំប៊ីកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារដោយយានដ្រូនដែលបានបង្កឲ្យទាហាន ៣ នាក់ ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ខណៈដែលការប្រើប្រាស់អាវុធទាំងនេះកាន់តែកើតមានជាទូទៅ នៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។

កងទ័ពកូឡុំប៊ី បាននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅក្នុងទីក្រុង Ipiales ជាក្រុងមួយនៅភាគនិរតីនៃប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសអេក្វាឌ័រ។ កងទ័ពបានសន្មតថា នេះ គឺការវាយប្រហារទៅលើក្រុមមួយដែលគេស្គាល់ថា Comandos de la Frontera។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រតិបត្តិការរបស់យើងនៅក្នុងតំបន់នេះ នឹងបន្ត ហើយយើងនឹងបង្កើនការវាយលុករបស់យើង ដើម្បីកំណត់ទីតាំង និងសម្លាប់អ្នកដែលទទួលខុសត្រូវ»។
យោធាកូឡុំប៊ី កំពុងប្រឈមនឹងការវាយប្រហារដោយដ្រូនកាន់តែខ្លាំងឡើង ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាមដែលដឹកនាំដោយអតីតសមាជិកនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ដែលជាក្រុមឧទ្ទាមដែលគេស្គាល់ថា FARC ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលក្នុងឆ្នាំ ២០១៦៕
