នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ អាល្លឺម៉ង់បានបដិសេធការអំពាវនាវឲ្យផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប (EU) ជាមួយអ៊ីស្រាអែល ទោះបីជាមានកំហឹងកើនឡើង ជុំវិញសង្គ្រាម នៅប្រទេសលីបង់ និងស្ថានភាព នៅក្នុងដែនដីកាប់កាប់ប៉ាឡេស្ទីនក៏ដោយ។
ប្រទេសអេស្ប៉ាញ និងអៀរឡង់ បានលើកឡើងនូវបញ្ហានៃការបញ្ឈប់កិច្ចព្រមព្រៀងនេះឡើងវិញ ដើម្បីពិភាក្សា នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស EU នៅលុចសំបួរ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ lok Johann Wadephul បានហៅសំណើនេះថា ជារឿង «មិនសមរម្យ» ឡើយ។

លោក Wadephul បានលើកឡើងនៅពេលចាប់ផ្តើមកិច្ចប្រជុំថា៖ «យើងត្រូវពិភាក្សាជាមួយអ៊ីស្រាអែលអំពីបញ្ហាសំខាន់ៗ។ រឿងនោះត្រូវតែធ្វើនៅក្នុងការសន្ទនាសំខាន់ និងប្រកបដោយការស្ថាបនាជាមួយអ៊ីស្រាអែល។ នោះហើយជាអ្វីដែលយើងគាំទ្រ»។
ឥរិយាបថ ចំពោះអ៊ីស្រាអែល ក្នុងចំណោមរដ្ឋជាសមាជិករបស់ EU ដែលមានភាពតឹងរ៉ឹងរួចហើយ ជុំវិញការប្រព្រឹត្តរបស់ប្រទេសនេះ អំឡុងសង្គ្រាម នៅតំបន់ហ្កាហ្សា បានបង្ហាញភាពតឹងតែងបន្ថែមទៀត បន្ទាប់ពីមានការឈ្លានពានរបស់អ៊ីស្រាអែល លើលីបង់ និងច្បាប់ថ្មី ស្តីពីទោសប្រហារជីវិត សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាន់កាប់ West Bank។
គួរបញ្ជាក់ថា ដោយប្រឈមជាមួយក្ដីបារម្ភខ្លាំង អំពីការស្លាប់របស់ជនស៊ីវិល ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមហ្កាហ្សា EU កាលពីឆ្នាំមុនបានដាក់ចេញនូវវិធានការជាច្រើនដែលអាចមាន ដើម្បីដាក់ទណ្ឌកម្មអ៊ីស្រាអែល ក្នុងនោះរួមទាំងការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ឬការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីរដ្ឋាភិបាលផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានវិធានការណាមួយឡើយ ដែលត្រូវបានដាក់ចេញដោយទីក្រុងប៊្រុចសែល ទទួលបានការគាំទ្រគ្រប់គ្រាន់ពីរដ្ឋជាសមាជិក ដើម្បីធ្វើការអនុវត្ត៕
