បើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានត្រៀមខ្លួនរួចហើយ ដើម្បីផ្តល់ «ការឆ្លើយតបភ្លាមៗ និងម៉ឺងម៉ាត់» ចំពោះសកម្មភាពអរិភាពកើតឡើងថ្មីណាមួយដែលបង្កដោយសត្រូវរបស់ខ្លួន ។
បទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងផុតកំណត់នៅថ្ងៃពុធនេះ។ ភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់ ហើយបានរឹតបន្តឹងការគ្រប់គ្រងលើការដឹកជញ្ជូនតាមផ្លូវទឹក នៅឈូងសមុទ្រ។

មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya លោក Ali Abdollahi បាននិយាយថា ទីក្រុងតេអេរ៉ង់ បានបន្តរក្សាបាននូវការមានប្រៀប នៅក្នុងវិស័យយោធា ក្នុងនោះរួមទាំងការគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយនឹងមិនអនុញ្ញាតឲ្យប្រធានាធិបតីអាមេរិក «បង្កើតនិទានកថាមិនពិត ជុំវិញស្ថានភាព នៅលើដី» នោះឡើយ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារថា មិនទាន់មានគណៈប្រតិភូអ៊ីរ៉ង់ណាមួយនៅឡើយទេ ដែលបានចាកចេញទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចាសន្តិភាព ជាមួយសហរដ្ឋអាមេរិក ដោយបដិសេធរបាយការណ៍ព័ត៌មានអន្តរជាតិ ដែលប្រកាសពីការធ្វើដំណើររបស់តំណាងអ៊ីរ៉ង់ទៅទីក្រុងអ៊ីស្លាម៉ាបាដ និងពេលវេលាកំណត់ សម្រាប់កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕
