បទបញ្ជាជម្លៀសចេញ បន្ទាប់ពីមានរញ្ជួយដី នៅឆ្នេរសមុទ្រ Sanriku របស់ប្រទេសជប៉ុន ត្រូវបានលុបចោលទាំងស្រុងហើយ នៅព្រឹកថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ។
បទបញ្ជាជម្លៀសត្រូវបានចេញ សម្រាប់មនុស្សជាង ១៨០.០០០នាក់ នៅទូទាំងខេត្តចំនួន ៥។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញសេចក្តីជូនដំណឹង សម្រាប់រលករញ្ជួយជាបន្តបន្ទាប់ នៅខេត្ត Hokkaido និងនៅឆ្នេរប៉ាស៊ីហ្វិក Sanriku ដោយជំរុញឲ្យមានការប្រុងប្រយ័ត្ន ព្រោះការរញ្ជួយដីជាបន្តបន្ទាប់ អាចមានទំហំកាន់តែធំ។
ការព្រមាន និងសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ សម្រាប់តំបន់ជាច្រើន ចាប់ពី Hokkaido រហូតដល់ឆ្នេរនៃមហាសមុទ្រប៉ាស៊ីហ្វិក Tohoku បន្ទាប់ពីរញ្ជួយដីបានកើតឡើងនៅម៉ោងប្រហែល ៤:៥២រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា) ប៉ុន្តែការចេញទាំងនោះ ត្រូវបានលុបចោលនៅយប់ថ្ងៃនោះ។
យោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយ បានឲ្យដឹងថា មនុស្ស ២នាក់ បានរងរបួសធ្ងន់ធ្ងរ និង ៤នាក់រងរបួសស្រាល នៅក្នុងខេត្ត ៣ គឺ Hokkaido, Aomori និង Iwate។ ម្នាក់ក្នុងចំណោមអ្នករងរបួសទាំងនោះ គឺជាស្ត្រីវ័យចំណាស់ម្នាក់ដែលមានអាយុ ៨០ឆ្នាំ នៅខេត្ត Hokkaido បានរងរបួសបាក់ឆ្អឹង ដោយសារដួលពេលកំពុងជម្លៀសខ្លួន៕