លោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិកម្តងហើយម្តងទៀត អំឡុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលប្រទេសទាំង២ ថ្លឹងថ្លែងពីលទ្ធភាពដែលអាចមានការចរចាសន្តិភាពជុំថ្មី។
តាមរយៈការបង្ហោះ នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានលើកឡើងថា «អ៊ីរ៉ង់បានរំលោភលើបទឈប់បាញ់ជាច្រើនដង!» ដោយសំដៅទៅលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ដែលនឹងត្រូវផុតកំណត់នៅថ្ងៃពុធនេះ បន្ទាប់ពីនោះមជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងជម្លោះបើកចំហវិញ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបន្ទោសគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេល ២សប្តាហ៍នេះ។ លោក Trump បានចោទប្រកាន់អ៊ីរ៉ង់ថា បានបាញ់ទៅលើនាវា នៅក្នុងផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលខ្លួនបានរារាំង ខណៈដែលទីក្រុងតេអេរ៉ង់ ប្រាប់ថា ការបិទខ្ទប់ និងការរឹបអូសនាវាដោយសហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។
គួរបញ្ជាក់ថា តាមទ្រឹស្តី បទឈប់បាញ់នេះត្រូវបញ្ចប់នៅយប់ថ្ងៃអង្គារនេះ តែនៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg លោក Trump បាននិយាយថា ការបញ្ចប់ គឺនៅមួយថ្ងៃក្រោយ ពោលគឺនៅល្ងាចថ្ងៃពុធ តាមពេលវេលានៅទីក្រុងវ៉ាស៊ីនតោន ហើយវានឹងមិនទំនងដែលលោកនឹងពង្រីករយៈពេលនៃបទឈប់បាញ់នេះ៕