ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង្គការណាតូចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងចេតនារបស់ខ្លួន ក្នុងការរក្សាប្លុកនុយក្លេអ៊ែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយក្នុងឱកាសនៃសន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញា NPT។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«ដរាបណាអាវុធនុយក្លេអ៊ែរ នៅមាន អង្គការណាតូនឹងនៅតែជា សម្ព័ន្ធមិត្តនុយក្លេអ៊ែរ»។
យោងតាមសេចក្តីថ្លែងការណ៍ អង្គការណាតូ «បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះការអនុវត្តពេញលេញនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ដែលខ្លួនហៅថា «ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃស្ថាបត្យកម្មមិនរីកសាយភាយ និងរំសាយអាវុធសកល»។
សេចក្តីថ្លែងការណ៍របស់អង្គការណាតូ ក៏បានលើកឡើងផងដែរថា រុស្ស៊ីត្រូវបានចោទប្រកាន់ថា បានរំលោភលើកិច្ចព្រមព្រៀងមួយចំនួននៃសន្ធិសញ្ញានេះ ខណៈពេលដែលប្រទេសចិន កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយសម្ងាត់។ ទីក្រុងប្រ៊ុចសែលក៏បានអះអាងផងដែរថា រុស្ស៊ី និងចិន ត្រូវបានចោទប្រកាន់ថា បាន «បង្កើនទំនាក់ទំនងជាមួយរដ្ឋដែលស្វែងរកការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងអាវុធអន្តរជាតិ»។ ប្រទេសទាំងនេះ មិនត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់ទេ ប៉ុន្តែអង្គការណាតូជាធម្មតាសំដៅទៅលើអ៊ីរ៉ង់ និងកូរ៉េខាងជើង៕