កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ PBS News ថា «គ្រាប់បែកជាច្រើនគ្រាប់» នឹងផ្ទុះនៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើបទឈប់បាញ់ផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងអ្វីនោះ។
នៅពេលដែលត្រូវបានសួរថា តើមានអ្វីកើតឡើង ប្រសិនបើបទឈប់បាញ់ផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពនោះ លោក Trump បានឆ្លើយប្រាប់អ្នករាយការណ៍ព័ត៌មាន លោកស្រី Liz Landers តាមទូរស័ព្ទថា «បន្ទាប់មកគ្រាប់បែកជាច្រើននឹងចាប់ផ្តើមផ្ទុះ»។
នៅថ្ងៃចន្ទនោះ លោក Trump បានប្រាប់សារព័ត៌មាន Bloomberg ថា បទឈប់បាញ់ ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមេសា នឹងផុតកំណត់នៅ «ល្ងាចថ្ងៃពុធ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន» ដោយបន្ថែមថា លោក «មិនទំនង» ពង្រីកវាបន្ថែមទេ ប្រសិនបើរដ្ឋបាលរបស់លោក និងមន្ត្រីអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងទេនោះ។
លោកប្រធានាធិបតីបានគំរាមកំហែងអ៊ីរ៉ង់ម្តងហើយម្តងទៀត ដោយការទម្លាក់គ្រាប់បែកបន្ថែម បន្ទាប់ពីជនស៊ីវិលយ៉ាងតិចចំនួន ១.៧០១នាក់ រួមទាំងកុមារយ៉ាងហោចណាស់ ២៥៤នាក់ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវបានសម្លាប់ក្នុងរយៈពេល ៣៩ថ្ងៃដំបូងនៃការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មុនពេលមានបទឈប់បាញ់។ នេះបើតាមទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ដោយថ្ងៃផុតកំណត់នៃបទឈប់បាញ់កាន់តែខិតជិតមកដល់ មន្ត្រីរដ្ឋបាលរបស់លោក Trump គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នៅសប្តាហ៍នេះ សម្រាប់កិច្ចចរចាសន្តិភាពជុំទី២។ តែអ៊ីរ៉ង់បានបញ្ជូនសញ្ញាមិនច្បាស់លាស់ អំពីថា តើខ្លួននឹងចូលរួមក្នុងកិច្ចចរចានេះដែរ ឬអត់។ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Asim Munir ដែលជាអ្នកសម្របសម្រួលសំខាន់នៅក្នុងកិច្ចចរចានេះ តាមការរាយការណ៍ បានប្រាប់លោក Trump ថា ការបិទខ្ទប់ដោយសហរដ្ឋអាមរិក ចំពោះច្រកសមុទ្រ Hormuz គឺជា «ឧបសគ្គ» ដល់ការបន្តដំណើរការការទូត៕