ពិធីបុណ្យសពត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារនេះ ក្នុងទីក្រុង Khan Younis និងទីក្រុងហ្កាហ្សា សម្រាប់ជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ក្នុងនោះមនុស្សបានជួបជុំគ្នា ដើម្បីនិយាយលួងលោមគ្នាទៅវិញទៅមក និងឧទ្ទិសកុសលផលបុណ្យដល់សាកសពមនុស្សជាទីស្រលាញ់របស់ពួកគេ ។
មន្រ្តីសុខភាពប៉ាឡេស្ទីនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៥នាក់ នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកពីគ្នានៅតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ ។
ក្រុមមន្រ្តីសុខភាពនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សានិយាយថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ នៅភាគខាងលិចទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីថា យោធារបស់ខ្លួន បានវាយប្រហារក្រុមភេរវករនៅទីក្រុង Khan Younis ហើយព័ត៌មានបន្ថែមទៀត នឹងបញ្ចេញតាមក្រោយ ។
នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកមួយទៀត ស្រ្តីម្នាក់ ត្រូវគ្រាប់កាំភ្លើងពីការបាញ់ប្រហារចេញពីទូករបស់កងទ័ពជើងទឹកអ៊ីស្រាអែលនៅជិតតំបន់ឆ្នេរទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើងហ្កាហ្សា ។ យោធាអ៊ីស្រាអែលនិយាយថា ពួកគេពុំបានដឹងពីឧបទ្ទេវហេតុមួយនេះឡើយ ៕