
សហរដ្ឋអាមេរិកបង្ហាញជំនឿចិត្តរបស់ខ្លួនថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្តនៅប៉ាគីស្ថាន ហើយមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបនិយាយថា ទីក្រុងតេអេរ៉ង់ កំពុងពិចារណាលើការចូលរួម ប៉ុន្តែឧបសគ្គធំ និងភាពពុំច្បាស់លាស់នៅតែមាន ស្របពេលការបញ្ចប់បទឈប់បាញ់ជិតមកដល់ ។
បទឈប់បាញ់រយៈពេល ២សប្តាហ៍ នឹងត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ហើយបើទោះបីជាអ៊ីរ៉ង់ច្រានចោលជុំទី ២នៃកិច្ចប្រជុំក្នុងសប្តាហ៍នេះក្តី ប្រភពពីប៉ាគីស្ថានដែលនៅស្និទ្ធនឹងកិច្ចពិភាក្សានេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មាននូវសន្ទុះសម្រាប់កិច្ចប្រជុំ ដើម្បីចាប់ផ្តើមដំណើរការនៅថ្ងៃពុធស្អែកនេះ ។
ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ IRIB របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានឡើយ ដើម្បីចូលរួមកិច្ចចរចាជុំបន្ទាប់ជាមួយសហរដ្ឋអាមេរិក ។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានរាយការណ៍ថា រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថានឡើយ មិនថា គណៈប្រតិភូសំខាន់ ឬគណៈប្រតិភូលំដាប់ទី២ បឋម ឬបន្ទាប់បន្សំនោះទេ ។
សូមបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន បានរៀបចំកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី ១១-១២ ខែមេសា បន្ទាប់ពីសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ១៤ថ្ងៃ កាលពីថ្ងៃទី៨ ខែមេសា ដែលនឹងត្រូវផុតកំណត់នៅថ្ងៃពុធស្អែកនេះ ៕