ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការតំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អំពាវនាវឲ្យមន្រី្តរាជការទាំងអស់ ពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អ ទៅជាអ្នកផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺដែល ស្របនឹងសុភាសិតលើកឡើងថា «គ្រូពេទ្យជាមាតាមានព្រហ្មវិហារធម៌ ដ៏ល្អរបស់អ្នកជំងឺ»។
ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង លើកឡើងឱកាសដែលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រារព្ធទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើកទី២៤ និងថែទាំវេជ្ជសាស្រ្តលើកទី១១, រយៈពេល២ថ្ងៃ ពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង បន្តទៀតថា ក្នុងរយៈពេលពីរថ្ងៃនេះ លោក លោកស្រី ជាគ្រូពេទ្យ គិលានុបដ្ឋាក-យិកាទាំងអស់នៅទីនេះ នឹងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងការពិគ្រោះ ព្យាបាលជំងឺការស្រាវជ្រាវការរករោគវិនិច្ឆ័យ ជំងឺឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ថែមទៀត ដែលជាកាតព្វកិច្ចចាំបាច់របស់យើងទាំងអស់គ្នា ជាអ្នកពិនិត្យ ព្យាបាល និងថែទាំជំងឺ ព្រមទាំងពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់ តែប្រសើរឡើងក្នុងគោលដៅកាត់បន្ថយអត្រាស្លាប់ដោយសម្រាលកូន។
ការរៀបចំទិវាវេជ្ជសាស្រ្តសល្យសាស្រ្ត និងទិវាថែទាំវេជ្ជសាស្រ្ត បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស និងគុណធម៌នាំមកនូវការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ជាពិសេសការសម្រាលកូននៅក្នុងមនី្ទរពេទ្យផ្ទាល់។
ជាមួយគ្នានោះលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ទិវានេះធ្វើឡើង ផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាល ការសង្រ្គោះបន្ទាន់លើស្រី្តសំរាលកូន ការព្យាបាលអ្នកជំងឺខ្សោយតម្រង់នោម វឌ្ឍនភាពនៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីកប្រព័ន្ធរំលាយអាហារ និងការថែទាំអ្នកជំងឺហូរឈាមប្រព័ន្ធរំលាយអាហារ។
លោកសាស្រ្តាចារ្យ ងី ម៉េង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្តល់នូវសម្ភារៈ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធដល់មនី្ទរពេទ្យ ដើម្បីឲ្យមនី្ទរពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជូនអ្នកជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់៕អត្ថបទ រដ្ឋា







