
រដ្ឋាភិបាលឈីលី រាយការណ៍ថា ឈីលី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ ។
ក្រុមមន្រ្តីមកពីរដ្ឋាភិបាលទាំង ២ មានវត្តមាននៅក្នុងពិធីចុះហត្ថលេខានៅទីក្រុង Santiago រួមទាំងរដ្ឋមន្រ្តីការបរទេសឈីលីលោក Francisco Perez Mackenna រដ្ឋមន្រ្តីរ៉ែ និងសេដ្ឋកិច្ចឈីលីលោក Daniel Mas ហើយនិងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅឈីលីលោក Brandon Judd ។
កាលពីខែមុន ឈីលី និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេនឹងចាប់ផ្តើមពិភាក្សាលើរ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀត ដើម្បីសម្របសម្រួលការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជនសម្រាប់គម្រោងរ៉ែ ការគ្រប់គ្រងសំណល់សម្រាប់ការកែច្នៃរ៉ែឡើងវិញ និងការរុករកគម្រោងថ្មីៗ ដែលអាចជួយជំរុញការផ្គត់ផ្គង់រ៉ែនៅក្នុងប្រទេសទាំង ២ ។
លោក Mas និយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតឈីលី La Tercera ដែលបានចុះផ្សាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលឈីលី មានបំណងពន្លឿនការអនុម័តលិខិតអនុញ្ញាតរុករករ៉ែ ដើម្បីជួយដោះស្រាយការវិនិយោគតម្លៃ ១០០ពាន់លានដុល្លារ ៕