
ស្នូរសំឡេងគ្រាប់កាំភ្លើងបានបន្លឺឡើងនៅពីរ៉ាមីត Teotihuacan របស់ម៉ិកស៊ិកកាលពីថ្ងៃចន្ទ ពេលដែលខ្មាន់កាំភ្លើងម្នាក់ បាញ់ស្រោចលើទីតាំងមួយនេះ ដោយបានសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស មុនពេលបាញ់សម្លាប់ខ្លួនឯង ។
ក្រុមអាជ្ញាធរនិយាយថា មនុស្ស ១៣នាក់ បានរងរបួស នៅក្នុងឧបទ្ទេវហេតុមួយនេះ ក្នុងនោះពួកគេមួយចំនួន ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ។
នៅក្នុងចំណោមអ្នករងរបួស គឺជាជនជាតិកូឡុំប៊ី ៣នាក់ ម្នាក់ក្នុងចំណោមពួកគេគឺជាក្មេងអាយុ ៦ឆ្នាំ ក៏ដូចជាជនជាតិអាមេរិក រុស្ស៊ី និងប្រេស៊ីល ។
យោងតាមសារបង្ហោះលើបណ្តាញព័ង៌មានសង្គម Xពីរដ្ឋមន្រ្តីការបរទេសកាណាដា បានឲ្យដឹងថា ជនជាតិកាណាដាទី ២ បានរងរបួសផងដែរនៅក្នុងការវាយប្រហារនេះ ។
ក្រុមរដ្ឋអាជ្ញាក្នុងស្រុក និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ខ្មាន់កាំភ្លើងមានឈ្មោះ Julio Cesar Jasso Ramirez គឺជាជនជាតិម៉ិកស៊ិក ។ ពួកគេពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។
ខណៈពេលនោះដែរ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានសម្តែងមរណទុក្ខចំពោះមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុមួយនេះ ហើយលោកស្រីនិយាយថា លោកស្រីកំពុងទាក់ទងជាមួយស្ថានទូតកាណាដា ៕