
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas និយាយថា លោកស្រីរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ(ស្មើនឹង ១០៥,៩៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន នៅថ្ងៃពុធស្អែកនេះ ។
លោកស្រីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ មុនជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរថា ពួកយើងរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមាននៅថ្ងៃស្អែកនេះ លើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ។ អ៊ុយក្រែនពិតជាត្រូវការប្រាក់កម្ចីនេះ ហើយវាគឺជាសញ្ញាមួយផងដែរថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានទេ ។
លោកស្រី Kallas បន្តថា ដំបូងពួកយើងនឹងពិភាក្សាលើសង្រ្គាមនៅអ៊ុយក្រែន ហើយបន្ទាប់មកពួកយើងរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមាននៅថ្ងៃស្អែកលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ។ វាពិតជាសំខាន់ខ្លាំងណាស់នៅពេលនេះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំអ្នកការទូតនៅថ្ងៃពុធស្អែក នឹងស្វែងរកការឯកភាពគ្នាលើវិសោធនកម្មចាំបាច់ចំពោះថវិការបស់ប្លុកអឺរ៉ុប មុនពេលនីតិវិធីជាលាយលក្ខណ៍អក្សរត្រូវបានចាប់ផ្តើមសម្រាប់ការអនុម័តចុងក្រោយនៃប្រាក់កម្ចី។ ដំណើរការនេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈមេដឹកនាំថ្មីរបស់ប្រទេសហុងគ្រី លោក Peter Magyar ត្រៀមឡើងកាន់តំណែង ៕