ការិយាល័យមេដឹកនាំកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានលុបចោលដំណើរទស្សនកិច្ចរបស់មេដឹកនាំលោក Lai Ching-te ទៅកាន់ប្រទេសស្វាហ្ស៊ីឡង់ នៅទ្វីបអាហ្វ្រិក ដោយចោទប្រកាន់ថាប្រទេសមួយចំនួនបានលុបចោលលិខិតអនុញ្ញាតសម្រាប់យន្តហោះរបស់លោកដោយសារតែសម្ពាធពីប្រទេសចិន។ ការិយាល័យ បានធ្វើសន្និសីទសារព័ត៌មានដែលមិនបានគ្រោងទុកកាលពីថ្ងៃអង្គារ ដើម្បីប្រកាសពីការលុបចោលដំណើរទស្សនកិច្ច ដែលត្រូវគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធនេះ។

ប្រទេសស្វាហ្ស៊ីឡង់ គឺជាប្រទេសនៅទ្វីបអាហ្វ្រិកតែមួយគត់ដែលមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ លោក Lai គ្រោងនឹងមានកិច្ចពិភាក្សាជាមួយមហាក្សត្រ Mswati ទី៣ ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី។ អគ្គលេខាធិការការិយាល័យ លោក Pan Men-an បាននិយាយថា ប្រទេសស៊ីសែល ប្រទេសម៉ូរីស និងម៉ាដាហ្កាស្កា បានលុបចោលលិខិតអនុញ្ញាតហោះហើរសម្រាប់យន្តហោះរបស់មេដឹកនាំដើម្បីឱ្យហោះហើរនៅខាងលើទឹកដីរបស់ពួកគេ ដោយមិនបានព្រមានជាមុន។
លោក Pan បានអះអាងថា មូលហេតុពិតប្រាកដគឺសម្ពាធខ្លាំងពីអាជ្ញាធរប្រទេសចិន រួមទាំងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។ លោកបាននិយាយថា ការបង្ខិតបង្ខំប្រទេសទីបីឲ្យផ្លាស់ប្តូរការសម្រេចចិត្តតាមរយៈការបំភិតបំភ័យ រំលោភលើច្បាប់អន្តរជាតិដែលធ្វើឱ្យអន្តរាយដល់ស្ថានភាពបច្ចុប្បន្នក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនកោះតៃវ៉ាន់។