តម្លៃភាគហ៊ុនអាមេរិកបានកើនឡើង ហើយប្រាក់ដុល្លារបានធ្លាក់ចុះនៅថ្ងៃពុធ ២២មេសាសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតី Donald Trump និយាយថា លោកនឹងបន្ថែមពេលវេលាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ ដោយធ្វើឲ្យពិភពលោកធូរចិត្តបន្តិច ទោះបីជាច្រកសមុទ្រ Hormuz នៅតែបិទក៏ដោយ ហើយតម្លៃប្រេងនៅតែរក្សាការកើនឡើងថ្មីៗរបស់ខ្លួន។

ការប្រកាសរបស់លោក Trump ហាក់ដូចជាឯកតោភាគី ហើយគេមិនច្បាស់ភ្លាមៗថាតើអ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់អាមេរិកគឺអ៊ីស្រាអែល នឹងយល់ព្រមពង្រីកពេលបទឈប់បាញ់ ដែលបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន ឬអត់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារបានទទួលយកព័ត៌មាននេះជាមួយនឹងសន្ទុះហានិភ័យដដែល ខណៈតម្លៃភាគហ៊ុន S&P បានកើនឡើង០,៥% ទន្ទឹមនឹងតម្លៃភាគហ៊ុនNasdaq បានកើនឡើង០,៦ %ក្នុងពេលជួញដូរនៅអាស៊ី។

សន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បើកវគ្គជួញដូរថ្មី បានធ្លាក់ចុះ០,១៤% បន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរសប្តាហ៍នៅក្នុងវគ្គមុន។ សន្ទស្សន៍ភាគហ៊ុន Nikkei (.N225) របស់ប្រទេសជប៉ុន ដែលបើកវគ្គជួញដូរថ្មី បានធ្លាក់ចុះ ០,២% ។
បន្ទាប់ពីការលក់ចេញយ៉ាងច្រើននៅក្នុងខែមីនា ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ទីផ្សារទូទាំងពិភពលោកបានងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងខែនេះ ហើយបានវិលត្រឡប់មកកម្រិតមុនសង្គ្រាមវិញ ខណៈការរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់បានជួយបន្ធូរហានិភ័យ ។លោក Matt Simpson អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅវិទ្យាស្ថាន StoneX Group នៅអាមេរិក បាននិយាយថា វាពិតជាលំបាកណាស់ក្នុងការសន្មតដោយសារភាពមិនច្បាស់លាស់ខ្ពស់នៃសង្គ្រាម។ចំណែកតម្លៃប្រេងឆៅ West Texas Intermediateរបស់សហរដ្ឋអាមេរិក បានកើនឡើង០,៤៤% ដល់៩០,១២ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃគោលបានកើនឡើង ២,៨% កាលពីថ្ងៃអង្គារ៕